បាងកកអាចខាតបង់១៧៧លានដុល្លារ ពីខ្យល់ពុល PM2.5

បរទេស ៖ អ្នកជំនាញនិយាយថា វិបត្តិបំពុលខ្យល់ PM2.5 អាចបណ្តាលឲ្យទីក្រុង បាងកក របស់ប្រទេសថៃ ខាតបង់ ១៧៧លានដុល្លារ ប្រសិនបើអូសបន្លាយ ដល់១ខែ នេះបើតាមកាសែត The Nation។

មជ្ឈមណ្ឌលស្រាវជ្រាវឧស្សាហកម្ម Kasikorn ឬ KResearch បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ការខាតបង់នេះ ផ្អែកលើកត្តាផ្សេងៗ រួមទាំង ថ្លៃសេវាថែទាំសុខភាព និងទេសចរណ៍ ផងដែរ។ ក្រៅពីនេះ កាត់បន្ថយផលិតភាព បណ្តាលឱ្យមានការខាតបង់ប្រាក់ចំណូល សម្រាប់អាជីវកម្ម នៅក្រៅផ្ទះ។ លើសពីនេះ ការចំណាយ ក្នុងគ្រួសារនឹងកើនឡើងដោយសារមនុស្សចំណាយ លើម៉ាស់មុខ និង ម៉ាស៊ីនបន្សុទ្ធខ្យល់ ជាដើម។ មជ្ឈមណ្ឌល Kasikorn អំពាវនាវឱ្យមានវិធានការតឹងរ៉ឹង ដើម្បីដោះស្រាយបញ្ហាឫសគល់ នៃបញ្ហានេះ។

ការបំពុលបរិយាកាស PM2.5 អាចបណ្តាលឱ្យមានផលប៉ះពាល់សេដ្ឋកិច្ច ចន្លោះពី ៣ ទៅ ៦ ពាន់លានបាត ឬ ពីជាង ៨៨លានដុល្លារ ទៅជាង ១៧៧លានដុល្លារ នៅក្នុងទីក្រុងបាងកក និងតំបន់ជុំវិញ ប្រសិនបើវានៅតែបន្តកើតមាន រយៈពេលមួយខែ នេះបើតាម KResearch។

PM2.5 សំដៅលើភាគល្អិត ដែលមានអង្កត់ផ្ចិត ២.៥មីក្រូម៉ែត្រ ឬ តិចជាងនេះ ជាមួយនឹងការប៉ះពាល់យូរ ទាក់ទងទៅនឹងបញ្ហាសុខភាពរ៉ាំរ៉ៃ ដូចជា សួត និង ជំងឺបេះដូង ជាដើម៕

ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner