អ្នកនាំពាក្យ៖ ចលនាស្នើសុំរបស់អង្គការក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋស្នើដល់រាជរដ្ឋាភិបាលពន្លឿនការតាក់តែងច្បាប់ភេរវកម្ម គឺពិតជាមានសារៈសំខាន់
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ចលនាស្នើសុំរបស់អង្គការក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដែលបានស្នើដល់រាជរដ្ឋាភិបាលក្នុងការពន្លឿនការតាក់តែងច្បាប់ដាក់ក្រុមជ្រុលនិយមជាភេរវករ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ និងជាចលករមួយដែលជំរុញថា ច្បាប់ភេរវកម្ម អាចចេញជារូបរាងនៅពេលខាងមុខនេះ។ ការបញ្ជាក់បែបនេះ បន្ទាប់ពីមានអង្គការសមាគមសង្គមស៊ីវិលជិត៣០ស្ថាប័ន បានស្នើដល់រាជរដ្ឋាភិបាលក្នុងការពន្លឿនការតាក់តែងច្បាប់ដាក់ក្រុមជ្រុលនិយមជាភេរវករ ដើម្បីសុខសន្តិភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល។
ការស្នើឱ្យពន្លឿនការតាក់តែងច្បាប់ភេរវកម្មនេះ ពីព្រោះក្រុមប្រឆាំងជ្រុលនិយមនៅតែបង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ចំណែកក្រសួងយុត្តិធម៌កំពុងសិក្សាលើទិដ្ឋភាពច្បាប់ដែលនឹងកំណត់ចំពោះជនណា ឬក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា អង្គការសមាគមក្រៅរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋខ្មែរជាទូទៅ គឺមើលឃើញច្បាស់ក្រុមជ្រុលនិយមមួយក្តាប់តូចនេះ គឺបាននិងកំពុងធ្វើសកម្មភាពដែលមានចរិកបំផ្លិចបំផ្លាញរារាំងដល់ការអភិវឌ្ឍប្រទេស ហើយដើរតួនាទីជាអ្នកញុះញង់ លាបពណ៌ បង្កើតព័ត៌មានប្រឌិតបំផ្លើសបំភ្លៃចោទប្រកាន់ដែលគ្មានភស្តុតាងដែលបង្កឱ្យមានជម្លោះបែកបាក់ផ្ទៃក្នុងជាតិ ក៏ដូចជាបង្កឱ្យមានបញ្ហាជាមួយប្រទេសជិតខាងជាដើម វាជាបញ្ហាមួយដែលអង្គការសមាគមទាំងអស់នេះ ក៏ដូចជាប្រជាពលរដ្ឋ គឺគាត់អត់ពេញចិត្តសកម្មភាពរបស់ក្រុមជ្រុលនិយមដែលមានលក្ខណៈបំផ្លិចបំផ្លាញ ហេតុនេះឱ្យបានជាមានការស្នើសុំបែបនេះ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា “ចលនាស្នើសុំបែបនេះ គឺជាចលករមួយដែរដែលជំរុញថា ច្បាប់នេះ (ច្បាប់ភេរវកម្ម) អាចចេញជារូបរាងនៅពេលខាងមុខនេះ”។
សូមជម្រាបថា ក្នុងពិធីមីទ្ទីងរំឭកខួបលើកទី ៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ – ០៧.០១.២០២៥) កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ៖ ដល់ពេលហើយដែលត្រូវកសាងច្បាប់ដែលនឹងកំណត់ចំពោះជនណា ឬក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោសដើម្បីការពារសន្តិភាព។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ព្រមជាមួយនោះ យើងក៏ត្រូវយល់ឱ្យបានច្បាស់ថា សន្តិភាពនឹងមិនអាចគង់វង្សបានយូរអង្វែងឡើយ ប្រសិនបើពុំមានការផ្សះផ្សាជាតិ យុត្តិធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នទេនោះ៕
ដោយ៖ពលជ័យ