Trump ពិចារណាចូលរួមជាមួយ WHO វិញ
បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីអាទិត្យ បាននិយាយថា លោកអាចនឹងពិចារណា ចូលរួមជាមួយអង្គការសុខភាពពិភពលោក ហៅកាត់ WHO ឡើងវិញ ពោលគឺនៅប៉ុន្មានថ្ងៃ បន្ទាប់ពីការចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិ ដែលប្រកាសពីចេតនារបស់អាមេរិក ក្នុងការចាកចេញ ពីWHO។
លោក Trump បាននិយាយ នៅឯការជួបជុំមួយ នៅ Las Vegas ខណៈដែលត្អូញត្អែរថា សហរដ្ឋអាមេរិកបានចំណាយប្រាក់ច្រើន ដល់ទីភ្នាក់ងារសុខភាពពិភពលោកមួយនេះ ថា «ប្រហែលជាយើងនឹងពិចារណា ធ្វើវាម្តងទៀត។ ខ្ញុំមិនដឹងទេ…ប្រហែលជាយើងត្រូវសម្អាត បន្តិចសិន…»។
លោក Trump បានបញ្ជា ឲ្យសហរដ្ឋអាមេរិកចាកចេញពី អង្គការសុខភាពពិភពលោក កាលពីថ្ងៃចន្ទ ដោយលើកឡើងពីអ្វីដែលលោកបានពិពណ៌នាថា ជាការចាត់ចែងមិនត្រឹមត្រូវ នៃជំងឺរាតត្បាត Covid-19 និង វិបត្តិសុខភាពអន្តរជាតិ ផ្សេងទៀត។ នេះគឺជាការប៉ុនប៉ង លើកទីពីរ របស់លោក Trump ក្នុងការដកសហរដ្ឋអាមេរិក ចេញពី WHO ។
ការដកខ្លួនរបស់សហរដ្ឋអាមេរិក នឹងបង្កើតឲ្យមានការខាតបង់រាប់រយលានដុល្លារ សម្រាប់ថវិកាស្នូល របស់ WHO ដែលរារាំងសមត្ថភាព របស់ទីភ្នាក់ងារសុខភាពពិភពលោក ក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះការផ្ទុះឡើងនៃជំងឺឆ្លង និង ការសង្គ្រោះបន្ទាន់ផ្សេងទៀត នៅជុំវិញពិភពលោក។
អង្គការ WHO កំពុងជ្រើសរើសជម្រើសកាត់បន្ថយដំណើរការរបស់ខ្លួន ជាការឆ្លើយតបទៅនឹងការដកខ្លួន របស់សហរដ្ឋអាមេរិក នេះបើយោងតាមអ៊ីមែលផ្ទៃក្នុង ដែលឃើញដោយទីភ្នាក់ងារព័ត៌មាន POLITICO ។
ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងបាត់បង់សិទ្ធិ ចូលទៅកាន់បណ្តាញសកល ដែលកំណត់សមាសភាពវ៉ាក់សាំងផ្តាសាយ ជារៀងរាល់ឆ្នាំ៕
ប្រភពពី POLITICO ប្រែសម្រួល៖ សារ៉ាត