អ៊ុយក្រែនវាយប្រហារលើកទី២ កម្ទេចរោងចក្រចម្រាញ់ ប្រេងដ៏ធំបំផុតរុស្ស៊ី
កៀវ ៖ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា កងកម្លាំងអ៊ុយក្រែនបានវាយលុកទីតាំងក្រុមហ៊ុនចម្រាញ់ប្រេង Ryazan នៅភាគខាងលិចប្រទេសរុស្ស៊ីជាលើកទីពីរក្នុងរយៈពេលតិចជាងមួយសប្តាហ៍។
យោងតាមសេចក្តីថ្លែងការណ៍ខាងលើនេះ ការផ្ទុះ និងការបាញ់ប្រហារត្រូវបានរាយការណ៍នៅក្នុងតំបន់គោលដៅ បន្ទាប់ពីការវាយលុក។ បើតាមសេចក្តីថ្លែងការណ៍ដដែល រោងចក្រចម្រាញ់ប្រេង Ryazan គឺជារោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតមួយ ក្នុងចំនោមរោងចក្រចម្រាញ់ប្រេងធំបំផុតចំនួន ៤ នៅក្នុងសហព័ន្ធរុស្ស៊ី។
សេចក្តីថ្លែងការណ៍របស់អ៊ុយក្រែន បានគូសបញ្ជាក់ថា រោងចក្រនេះផលិតប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈយន្តហោះ TS-1 ហើយថា Ryazan បានចូលរួមក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់យោធារុស្ស៊ី។
អគ្គសេនាធិការបានបន្ថែមថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនកាលពីថ្ងៃសុក្រសប្តាហ៍មុន ក៏បានបណ្តាលឱ្យមានអគ្គីភ័យឆាបឆេះនៅរោងចក្រផលិត និងស្ថានីយ៍បូមប្រេងរបស់ Ryazan ផងដែរ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា