សិក្ខាកាមកងការពារព្រំដែន ១៩៦នាក់ បានចូលរៀនវគ្គហ្វឹកហ្វឺនបំប៉ននាយទាហាន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក
(ខេត្តកំពង់ស្ពឺ)៖ តួនាទីភារកិច្ច និងសារៈសំខាន់ថ្នាក់កងអនុសេនាតូច កងអនុសេនាធំ និងភារកិច្ចកងការពារព្រំដែននៅក្នុងពេលអនុវត្តន៍ការងារ ក៏ដូចពេលប្រយុទ្ធ ជាមូលដ្ឋានចាំបាច់បំផុតក្នុងការដឹកនាំបញ្ជាទាមទារឲ្យសិក្ខាកាមខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ។
នេះគឺជាការលើកឡើងរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរងកងទ័ពជើងគោក ក្នុងវគ្គហ្វឹកហ្វឺនបំប៉ននាយទាហានគ្រប់គ្រងកងអនុសេនាតូច កងអនុសេនាធំ ដល់កងការពារព្រំដែន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ។
តាងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក អ៊ួន សារឿន បានសំណូមពរដល់គ្រូយោធាចារ្យត្រូវរិះរកយុទ្ធសាស្ត្រ និងវិធីសាស្ត្រធ្វើយ៉ាងណាឲ្យសិស្សសិក្សាងាយយល់ ។ ហើយសង្ឃឹមថា ពេលបញ្ចប់វគ្គ សិក្ខាកាមទទួលបានលទ្ធផលល្អប្រសើរ តាមការរំពឹងទុក ។
ឧត្តមសេនីយ៍ឯក អ៊ួន សារឿន បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តដាក់រៀនសូត្រ មានវិន័យខ្ពស់ ត្រូវគោរពវិន័យបទបញ្ជាផ្ទៃក្នុងវគ្គ មានសាមគ្គីផ្ទៃក្នុងល្អ និងគោរពពេលវេលារៀនសូត្រអោយបានទៀងទាត់ មានអត្តចរិកល្អស័កសមជាកងយោធពលខេមរភូមិន្ទ និងត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញឿន សង្ឃឹមថា ពេលបញ្ចប់វគ្គទទួលលទ្ធផលល្អ នុិងប្រកាសបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ នាយទាហានគក្រប់គ្រង កងអនុសេនាតូច កងអនុសេនាធំ ដល់កងការពារព្រំដែន ចាប់ពី ពេលនេះតទៅផងដែរ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ូ សុភា នាយសេនាររង នាយការិយាល័យហ្វឹកហ្វឺន កងទ័ពជើងគោក បានឲ្យដឹងថា ៖ គ្គហ្វឹកហ្វឺនបំប៉ននាយទាហានគ្រប់គ្រងកងអនុសេនាតូច កងអនុសេនាធំ កងការពារព្រំដែនសិក្សារយៈពេល ៤៥ថ្ងៃ ចាប់បើកពីថ្ងៃទឺ២៧ ខែមករា ឆ្នាំ២០២៥ ។ សិក្សាខ្លឹមសារមេរៀនរួមមាន ៖ យោធារួម អប់រំចិត្តសាស្ត្រ និងការងារគ្រប់គ្រង ។ សិក្ខាកាមសរុបចំនួន ១៩៦នាក់ អ្នកបម្រើ ១០នាក់; អ្នកគ្រប់គ្រង ០៨នាក់; យោធាចារ្យចំនួន ២០នាក់ មកពីបណ្តាអង្គភាពចំណុះកងទ័ពជើងគោក ៕





ប្រភព ៖ កងទ័ព