លីបង់យល់ព្រមបន្តបទឈប់បាញ់ជាមួយអ៊ីស្រាអែលរហូតដល់ពាក់កណ្តាលខែកុម្ភៈ
បេរូត ៖ រដ្ឋាភិបាលចាំផ្ទះរបស់ប្រទេសលីបង់បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានយល់ព្រមបន្តកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែលរហូតដល់ថ្ងៃទី១៨ ខែកុម្ភៈខាងមុខ ខណៈដែលបទឈប់បាញ់រយៈពេល ៦០ថ្ងៃដំបូងបានផុតកំណត់កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។
សហរដ្ឋអាមេរិក ដែលជាអ្នកសម្របសម្រួលបទឈប់បាញ់ដំបូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរៀបចំបទឈប់បាញ់រវាងលីបង់ និងអ៊ីស្រាអែល នឹងនៅតែមានសុពលភាពរហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៥។
សេចក្តីថ្លែងការណ៍បានបន្ថែមថា លីបង់ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នឹងចាប់ផ្តើមការចរចានាពេលឆាប់ៗនេះ លើការវិលត្រឡប់នៃអ្នកទោសលីបង់ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី៧ ខែតុលាឆ្នាំ ២០២៣។
កិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានចូលជាធរមាននៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ តម្រូវឱ្យកងទ័ពអ៊ីស្រាអែលដកខ្លួនចេញពីទឹកដីលីបង់ក្នុងរយៈពេល ៦០ថ្ងៃ ហើយកងទ័ពលីបង់ចូលកាន់កាប់សន្តិសុខតាមព្រំដែន និងនៅភាគខាងត្បូងលីបង់។
អ៊ីស្រាអែលបានចាប់ផ្តើមសង្រ្គាមពហុភាគីជាមួយក្រុមហាម៉ាស និងក្រុមហេសបូឡា ក្នុងខែតុលា ឆ្នាំ ២០២៣ ហើយឈានដល់បទឈប់បាញ់ជាមួយភាគីទាំងពីរនៅចុងខែមករា ឆ្នាំ ២០២៥ និងខែវិច្ឆិកាឆ្នាំ ២០២៤៕


ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា