នាយករដ្ឋមន្ត្រី ថ្លែងសារពិសេសស្តីពីកម្មវិធី ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព

ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្មវិធី «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» នឹងទទួលពាក្យស្នើសុំរបស់ប្រជាពលរដ្ឋ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥ តទៅ ។ នេះបើតាមសេចក្ដីថ្លែងសារពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្តីពីកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព នាយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ។

តាមរយៈសារពិសេសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសអំពីកម្មវិធី ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ដែលកម្ពុជា នឹងអនុវត្តទទួលពាក្យស្នើសុំរបស់ប្រជាពលរដ្ឋ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥ តទៅ ។

សម្តេចបវរធិបតី បានបញ្ជាក់ថា ការដាក់ចេញកម្មវិធីនេះ មានគោលបំណង៣ ដែលអាទិភាពធំទីមួយគឺការដោះស្រាយដីជូនប្រជាពលរដ្ឋខ្មែរក្រីក្រ ដែលគ្មានដីពិតប្រាកដ ហើយបន្ថែមលើនេះ កម្មវិធីនឹងចូលរួមទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារ និងអភិរក្សព្រៃឈើផងដែរ ។

សម្តេចធិបតី បានរំលឹកអំពីសាវតានៃការដោះស្រាយផ្តល់ដីជូនប្រជាពលរដ្ឋ ក្រោយកម្ពុជាបញ្ចប់សង្គ្រាមស៊ីវិល ដែលក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាលកម្ពុជា របស់គណបក្សប្រជាជន គឺរាជរដ្ឋាភិបាល បានបែងចែកដីកសិកម្មលើកដំបូងជូនប្រជាពលរដ្ឋ នៅឆ្នាំ១៩៨៥ និងទទួលស្គាល់លើដីកម្មសិទ្ធិឯកជននៅឆ្នាំ១៩៨៩។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា តាមរយៈកម្មវិធីនេះ ប្រជាពលរដ្ឋខ្មែរ ដែលខ្វះដីពិតប្រាកដ នឹងត្រូវបានរដ្ឋផ្តល់ដីជូន ជាមួយនឹងការរៀបចំជាភូមិកជូន ហើយប្រជាពលរដ្ឋខ្មែរ ដែលនឹងទៅរស់នៅទីនោះ អាចនឹងចងជាសហគមន៍ ដើម្បីជួយការពារដី និងព្រៃនៅជុំវិញសហគមន៍ ដែលខ្លួនរស់នៅ ។

សម្តេចបានបន្តថា នៅក្នុងន័យនេះ យើងអាចនិយាយបានថា នេះជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីរ គឺទី១.ការផ្តល់ដីជូនប្រជាពលរដ្ឋខ្មែរ ដែលខ្វះដីពិតប្រាកដ និងទី២ ប្រជាពលរដ្ឋខ្មែរ នឹងមានលទ្ធភាពចូលរួម នៅក្នុងការពារដី និងព្រៃ នៅជុំវិញសហគមន៍ ដែលខ្លួនរស់នៅ ។

សម្តេចបវរធិបតី បានថ្លែងថា ដើម្បីអនុវត្តកម្មវិធីនេះឱ្យជោគជ័យ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការ «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» ដែលហៅកាត់ថា ផ.ក.អ ។ លេខាធិការដ្ឋាន ផ.ក.អ នឹងចាប់ផ្តើមជូនដំណឹងជាបន្តបន្ទាប់ ហើយនឹងអាចចាប់ផ្តើមទទួលពាក្យប្រជាពលរដ្ឋ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥ តទៅ ៕

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner