មន្រ្តីជំនាញរំពឹងថា បុណ្យចូលឆ្នាំចិននឹងមានភ្ញៀវទេសចរច្រើន​មក​លេងខេត្តកំពត

កំពត៖អ្នករកស៊ីវិស័យទេសចរណ៍ ពិសេសអ្នកផ្តល់សេវាស្នាក់នៅបាន​បញ្ជាក់​ថា កន្លែងរបស់ខ្លួនទទួលបាន​ការកក់បន្ទប់​ជាបន្តបន្ទាប់ នៅក្នុង​ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរយ:ពេល៣ថ្ងៃ ។ចំណែក​មន្ត្រីជំនាញ​រំពឹងថា​ភ្ញៀវនឹងមកកម្សាន្ត​នៅ​ខេត្តកំពតច្រើន។

បុគ្គលិកម៉ូលីរីស៊ត ដែលមានទីតាំងក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត បានឱ្យដឹងថា ក៏ដូចជាឆ្នាំមុនៗដែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី​ប្រពៃណីចិន​ ម៉ូលីរីស៊តបានរៀបចំតុបតែងលម្អ ដើម្បីអបអរសាទរស្វាគមន៍​ទទួល​ភ្ញៀវ​ដែលមកស្នាក់នៅនិងធ្វើដំណើរកម្សាន្ត ឲក្នុងឱកាស​បុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណីចិន។

ដោយមិនឱ្យភ្ញៀវមានការសង្ស័យ បុគ្គលិកដដែលបញ្ជាក់ថា មិនមាន​ការដំឡើងតម្លៃបន្ទប់ទេ ផ្ទុយទៅវិញ ម៉ូលីរីសត​មាន​ការបញ្ចុះតម្លៃ ៣០ភាគរយ។ មកដល់ពេលនេះ រីស៊តទទួលការកក់បណ្តើរៗហើយ។

ចំណែកបុគ្គលិករមណីយដ្ឋានដូងទេរបានរៀបរាប់ថា ដើម្បីឆ្លើយតបនឹង​តម្រូវ​ការភ្ញៀវ ពិសេសបងប្អូនជាប់សែស្រឡាយ​ចិន ដែលនឹងមកទស្សនា​ខេត្តកំពត  រមណីយដ្ឋានដូងទេរបានរៀបចំលម្អទីកន្លែងតាមលក្ខណ​:ប្រពៃណីជនជាតិចិន និងមានបង្កើតកម្មវិធីកម្សាន្តសប្បាយៗជាច្រើន ព្រមទាំងបានរៀបចំពង្រីកទីតាំងរបស់ខ្លួនឱ្យកាន់តែធំទូលាយ និងមាន​សេវាកម្មកម្សាន្តច្រើនជាងមុន។

ក្នុងឱកាសនេះដែរ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្ត​កំពតបានមានប្រសាសន៍ថា ដោយមានការយក​ចិត្តទុក​ដាក់ពីឯកឧត្តម​អភិបាលខេត្តក្នុងការលើកកម្ពស់វិស័យទេសចរណ៍តាមរយៈកិច្ចអភិវឌ្ឍន៍ និងជំរុញលើកទឹកចិត្តឱ្យ​បង្កើត​កម្មវិធី​កម្សាន្តសប្បាយផ្សេងៗនោះ បានធ្វើ​ឱ្យខេត្តកំពតកាន់តែមានប្រជាប្រិយភាព។ លោករំពឹងថា ក្នុងឱកាស​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន ភ្ញៀវនឹងមកកាន់ខេត្តកំពតកាន់តែច្រើន៕
ដោយ៖ សិលា សារិន

ads banner