ខ្សែកាបក្រោមបាតសមុទ្រវែងបំផុតនៅអាស៊ីភ្ជាប់សិង្ហបុរីទៅអាមេរិក ដាក់ដំណើរការចុងឆ្នាំនេះ
សិង្ហបុរី ៖ ប្រព័ន្ធខ្សែកាបក្រោមបាតសមុទ្រវែងបំផុតនៅអាស៊ី មានឈ្មោះថា Bifrost ដែលតភ្ជាប់សហរដ្ឋអាមេរិក និងសិង្ហបុរី តាមរយៈប្រទេសឥណ្ឌូនេស៊ី មានតម្លៃ ៧៦០លានដុល្លារ ត្រូវបានរំពឹងថា នឹងចាប់ផ្តើមដំណើរការនៅក្នុងឆមាសទីពីរនៃឆ្នាំ ២០២៥ ហើយតាមរយៈគម្រោងយក្សនេះ សិង្ហបុរីនឹងក្លាយជាមជ្ឈមណ្ឌលឌីជីថលឈានមុខគេរបស់អាស៊ី។
គម្រោងប្រព័ន្ធខ្សែកាបក្រោមបាតសមុទ្រដំបូងបង្អស់ ដែលតភ្ជាប់ដោយផ្ទាល់ពីសិង្ហបុរីទៅកាន់ឆ្នេរសមុទ្រភាគខាងលិចរបស់អាមេរិក បានទទួលអាជ្ញាប័ណ្ណដោយសហរដ្ឋអាមេរិក។ នេះបើយោងតាមក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័ន្ធ Keppel Ltd. មានមូលដ្ឋាននៅប្រទេសសិង្ហបុរី។
ក្រុមហ៊ុន Keppel បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រព័ន្ធខ្សែកាប Bifrost ដែលជាគម្រោងរួមគ្នារវាង Keppel, ក្រុមហ៊ុន Meta Platforms Inc ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ Edge Cable Holdings USA LLC និងក្រុមហ៊ុន PT Telekomunikasi Indonesia International ត្រូវបានរំពឹងថា នឹងរួចរាល់សម្រាប់ប្រតិបត្តិការពាណិជ្ជកម្មនៅក្នុងឆមាសទី២នៃឆ្នាំ ២០២៥។
ដោយលាតសន្ធឹងក្នុងចម្ងាយជាង ២០,០០០គីឡូម៉ែត្រ ប្រព័ន្ធខ្សែកាបក្រោមបាតសមុទ្រនេះ នឹងតភ្ជាប់សហរដ្ឋអាមេរិក និងសិង្ហបុរី ដោយឆ្លងកាត់ឥណ្ឌូនេស៊ី តាមរយៈសមុទ្រជ្វា និងសមុទ្រ Celebes។
គម្រោង Bifrost នេះទៀតសោត ត្រូវវបានរំពឹងថា នឹងជួយលើកកម្ពស់ជំហរយុទ្ធសាស្ត្ររបស់សិង្ហបុរី ឱ្យក្លាយជាមជ្ឈមណ្ឌលឌីជីថលឈានមុខគេរបស់អាស៊ី ក៏ដូចជាគាំទ្រដល់សេដ្ឋកិច្ចឌីជីថល ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សក្នុងតំបន់។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា Bifrost គឺជាប្រព័ន្ធខ្សែកាបក្រោមបាតសមុទ្រដំបូងគេ ដែលតភ្ជាប់អាស៊ីអាគ្នេយ៍ទៅកាន់សហរដ្ឋអាមេរិក ដែលត្រូវបានអនុម័តក្នុងរយៈពេល ៨ឆ្នាំកន្លងមកនេះ។
ដើមឡើយ គម្រោងនេះគ្រោងនឹងបញ្ចប់នៅត្រីមាសទី២នៃឆ្នាំ ២០២៤ ប៉ុន្តែវាត្រូវបានពន្យារពេលដោយសារតែអាកាសធាតុមិនអំណោយផល និងការលំបាកក្នុងការទទួលបានលិខិតអនុញ្ញាត សម្រាប់រត់ខ្សែឆ្លងកាត់ប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមការបញ្ជាក់របស់អ្នកឃ្លាំមើលផ្នែកឧស្សាហកម្ម Submarine Networks៕
ប្រភព ៖ SCMP ប្រែសម្រួល ៖ ឈឹម ទីណា

