បុរសអេស្តូនីបំបែកកំណត់ត្រាថ្មី ដើរលើខ្សែពួរកម្ពស់ជាង ២០០ម៉ែត្រនៅទីក្រុងឌូបៃ
តាលិន ៖ បុរសជនជាតិអេស្តូនីម្នាក់ បានបំបែកកំណត់ត្រាថ្មី ជាមួយនឹងការដើរនៅលើខ្សែពួរក្នុងលំហអាកាស មានចម្ងាយប្រហែល ១០០ម៉ែត្រ និងកម្ពស់ ២២៤ម៉ែត្រ ដែលចងភ្ជាប់ពីអគារមួយទៅអគារមួយទៀតនៅក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។
ម្ចាស់ជើងឯកពិភពលោកបីសម័យកាល លោក Jaan Roose ថ្មីៗនេះបានបង្ហាញសមត្ថភាពដ៏អស្ចារ្យ និងក្លាហានបំផុត ដោយមិនខ្លាចរអាជាមួយសេចក្តីស្លាប់ ដោយគាត់អាចបញ្ចប់ការដើរនៅលើខ្សែពួរដែលបានចងយ៉ាងខ្ពស់នៅចន្លោះអគារ Jumeirah Emirates Towers ក្នុងទីក្រុងឌូបៃ។
ប៉ុន្តែទោះជាមានភាពក្លាហានយ៉ាងណាក៏ដោយ ក៏គាត់នៅតែប្រើខ្សែសុវត្ថិភាពបំពាក់ជាប់នឹងខ្លួន ដើម្បីការពារពីការធ្លាក់ដោយចៃដន្យ។ អត្តពលិកវ័យ ៣២ឆ្នាំរូបនេះ បានរៀបរាប់អំពីការសម្ដែងនេះថា បញ្ហាប្រឈមចម្បងនៃការដើរនៅលើខ្សែពួរខ្ពស់បែបនេះ គឺការប្រើបច្ចេកទេស ក្នុងការរក្សាតុល្យភាពលំនឹងឱ្យបានស្នើគ្នា។
លោក Roose បន្ថែមថា ប្រសិនបើមិនមានបច្ចេកទេសនេះទេ វាច្បាស់ជាធ្លាក់ចុះពីលើខ្សែពួរនេះមិនខានឡើយ ព្រោះនៅពេលកំពុងដើរលើខ្សែពួរ យើងត្រូវប្រឈមនឹងខ្យល់បក់ធ្វើឱ្យញ័រខ្សែជាមិនខានឡើយ ហើយគាត់ក៏មានការភ័យខ្លាចធ្លាក់ដែរ ប៉ុន្តែគាត់ខំប្រឹងទប់អារម្មណ៍ និងផ្ចង់ស្មារតីឱ្យរឹងមាំបោះជំហានទៅមុខមួយៗរហូតដល់គោលដៅកំណត់។
នេះមិនមែនជាលើកដំបូងទេសម្រាប់លោក Roose ដោយសារតែកន្លងមក រូបលោកក៏ធ្លាប់បានដើរនៅលើខ្សែពួរដ៏គ្រោះថ្នាក់បែបនេះ និងដើរលើខ្សែរភ្លើងនៅប្រទេសផ្សេងៗជុំវិញពិភពលោកផងដែរ៕
ប្រភព ៖ telegrafi ប្រែសម្រួល ៖ ឈឹម ទីណា
