ចិនបង្កើតកម្មវិធី AI ថ្មីចាយតិច អុកឡុក ChatGPT, Nvidia

បរទេស ៖ ក្រុមហ៊ុនគំរូភាសាចិន DeepSeek បានបង្កើតកម្មវិធី AI ថ្មី ចំណាយតិច តែ បានអុកលុកទីផ្សារបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំៗ ដូចជា Nvidia, ChatGPT ជាដើម ខណៈដែល កម្មវិធី App របស់ចិននេះ ត្រូវបានទាញយកប្រើប្រាស់ច្រើនបំផុត លើ App Store របស់ Apple នៅសហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍ ហើយមិនគិតថ្លៃ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC។

ភាគហ៊ុនរបស់ក្រុមហ៊ុនរចនាបន្ទះឈីបដ៏ធំរបស់អាមេរិក Nvidia បានធ្លាក់ចុះ ១៧% ឬ តម្លៃទីផ្សារ ជិត៦០០ពាន់លានដុល្លារ យោងទៅតាម Bloomberg ហើយគឺជាការធ្លាក់ចុះដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្រ្ត នៃទីផ្សារភាគហ៊ុនអាមេរិក។

អ្នកអភិវឌ្ឍន៍របស់ DeepSeek និយាយថា ខ្លួនបានបង្កើតម៉ូដែល ចុងក្រោយនេះ ក្នុងតម្លៃត្រឹមតែ ៥.៦លានដុល្លារប៉ុណ្ណោះ ខណៈដែលក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើតគំរូភាសា ChatGPT បានជះលុយដល់ទៅ៥ពាន់លានដុល្លារ កាលពីឆ្នាំមុន អភិវឌ្ឍន៍ AI។

DeepSeek ទើបបង្កើត ក្នុងឆ្នាំ២០២៣ ដែលមានមូលដ្ឋាន នៅទីក្រុងហាងចូវមួយនេះ បានអះអាងថា ម៉ូដែលរបស់ខ្លួនចុងក្រោយនេះ បានប្រើប្រាស់បន្ទះឈីប H800 ដែលផលិតដោយ Nvidia ហើយគំរូភាសា AI ថ្មីនេះ ត្រូវបានបង្កើតឡើង ជាមួយនឹងបច្ចេកវិទ្យា ដែលមានស្រាប់។

ប៉ុន្តែ ទស្សនាវដ្ដីអាមេរិក WIRED រាយការណ៍ថា ជាច្រើនឆ្នាំមកនេះ ស្ថាបនិក DeepSeek គឺលោក Liang Wenfung បានស្តុកទុកបន្ទះឈីប ដែលបង្កើតជាឆ្អឹងខ្នង របស់ AI ហើយ ត្រូវបានគេស្គាល់ថា ជា GPUs ឬ អង្គភាពដំណើរការក្រាហ្វិក។

ការអង្រួនឧស្សាហកម្មបច្ចេកវិទ្យា របស់ DeepSeek AI នេះ បានកើតមានឡើង ក្រោយពេល១សប្តាហ៍ ដែលប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ចំនួន៣រួម ប្រកាសរួមគ្នា ពីគម្រោងអភិវឌ្ឍន៍ AI វិនិយោគ ៥០០ពាន់លានដុល្លារអាមេរិក៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner