រលកកំដៅវាយប្រហារកោះបាលីរបស់ឥណ្ឌូនេស៊ី ខណៈសីតុណ្ហភាពហក់ដល់ ៣៦អង្សាសេ
ហ្សាការតា ៖ យោងតាមទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រកោះបាលី (BMKG) បានឱ្យដឹងថា កោះរមណីយដ្ឋានបាលីរបស់ប្រទេសឥណ្ឌូនេស៊ី បានជួបប្រទះនូវរលកកំដៅដ៏ខ្ពស់មួយ ដោយសីតុណ្ហភាពបានស្ទុះដល់ ៣៦អង្សាសេនៅក្នុងតំបន់មួយចំនួនក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។
ប្រធានការិយាល័យទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រកោះបាលី (BMKG) លោក Wayan Musteana បាននិយាយថា ស្ថានីយ៍ភូមិសាស្ត្ររបស់យើងចំនួនពីរ បានកត់ត្រាសីតុណ្ហភាពក្តៅខ្លាំងបំផុត គឺនៅទីក្រុង Denpasar និង Negara។
ទន្ទឹមគ្នា ស្ថានីយ៍ភូមិសាស្ត្រផ្សេងទៀតបានបង្ហាញពីសីតុណ្ហភាពហក់ឡើងជាមធ្យម។ ក្នុងរយៈពេល ៣ទសវត្សរ៍កន្លងមកនេះ សីតុណ្ហភាពធម្មតាជាមធ្យមនៅ Sanglah មានចំនួន ៣២.៥អង្សាសេ ខណៈនៅ Negara មានចំនួន ៣១.៣អង្សាសេ។
ទីភ្នាក់ងារ BMKG បានចាត់ថ្នាក់សីតុណ្ហភាពនេះថា កំពុងហក់ឡើងខ្លាំងនៅពេលដែលវាលើសពីកម្រិតមធ្យមធម្មតា ពោលគឺលើសពី ៣អង្សាសេ។ រលកកំដៅក្តៅខ្លាំងត្រូវបានរំពឹងថា នឹងបន្តកើតមានក្នុងរយៈពេលពីរបីថ្ងៃខាងមុខទៀត នៅពេលដែលព្រះអាទិត្យផ្លាស់ទីទៅជិតខ្សែអេក្វាទ័រ៕
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-06_12-02-20-1024x678.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-06_12-02-21-1024x681.jpg)
ប្រភព ៖ AFP ប្រែសម្រួល៖ ឈឹម ទីណា