សម្ដេចធិបតី លើកទឹកចិត្តឱ្យក្រុមអតីតនិស្សិត កម្ពុជា-ហ្វីលីពីន ពីបណ្ឌិត្យ​សភា​យោធា West Point​ ចងភ្ជាប់ទំនាក់ទំនងជាមួយ​គ្នា

(ហ្វីលីពីន)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ក្រុមអតីត​និស្សិតពី​សាលាបណ្ឌិត្យសភាយោធា West Point នៃប្រទេសហ្វីលីពីន ដែលដឹកនាំដោយ លោក Cris Acosta អតីតនិស្សិតក្នុងឆ្នាំ​សិក្សា ១៩៨២ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងឱកាសនៃដំណើរ​ទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ពីថ្ងៃទី​១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ក្នុងឱកាសនៃជំនួប លោក Cris Acosta តំណាងក្រុមអតីត​និស្សិត​នៃសាលាបណ្ឌិត្យសភាយោធា West Point បានសម្ដែង​នូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតីដែលបានអនុញ្ញាតឱ្យរូប លោក និងក្រុមអតីតនិស្សិតសាលា West Point បានចូលជួបសម្ដែងការគួរសម និងបានគោរពជូនពរឱ្យដំណើរ​ទស្សនកិច្ចរបស់សម្ដេចបវរធិបតីនាពេលនេះ ទទួលបាន​ជោគ​ជ័យ ។

ជាមួយគ្នានោះ លោក Cris Acosta ក៏ដូចជាក្រុមនិស្សិតសាលា West Point ក៏បានរំឭកឡើងវិញអំពីបទពិសោធន៍​ និង​អនុស្សាវរីយ៍​ជាច្រើនជូនសម្ដេចបវរធិបតីក្នុងអំឡុង​ពេលសិក្សា​នៅសាលា West Point ។ លោក Cris Acosta ក៏បានគោរព​ជម្រាបជូនសម្ដេចបវរធិបតីផងដែរថា លោក និងក្រុមអតីត​និស្សិត West Point ផ្សេងទៀតនឹងរៀបចំដំណើរ​ទស្សនកិច្ច​មួយទៅកាន់កម្ពុជា នាពេលខាងមុខនេះ។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែង នូវក្ដីសោមនស្ស​រីករាយ ដែលបានជួបលោកCris Acosta និងក្រុមអតីតនិស្សិត​សាលា​ West Point ។ សម្ដេចបវរធិបតីក៏បានចែករំលែក និង​លើកឡេីងពីបទពិសោធ​នៃការសិក្សា ក៏ដូចជាអនុស្សាវរីយ៍នានា​ជាច្រើនរបស់សម្ដេចបវរធិបតី នៅក្នុងអំឡុងពេលនៃការសិក្សា​នៅសាលា West Point ។

សម្ដេចបវរធិបតី បានស្វាគមន៍ចំពោះបំណងរបស់ក្រុម​អតីត​និស្សិត​ហ្វីលីពីន ពីសាលា​West Point ក្នុងការរៀបចំ​ដំណើរ​ទស្សនកិច្ចនៅកម្ពុជា​ ហើយសម្ដេចបវរធិបតីបានលើកទឹក​ចិត្ត​ដល់លោក Cris Acosta និងក្រុមអតីតនិស្សិត​ បង្កើតទំនាក់​ទំនង​ឱ្យ​ជិតស្និទ្នជាមួយក្រុមអតីតនិស្សិតសាលា West Point របស់កម្ពុជា ក៏ដូចជា ក្រុមអតីតនិស្សិតនៃបណ្តាប្រទេសអាស៊ី​អគ្នេយ៍ផ្សេងទៀត ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner