សាជីវកម្ម San Miguel របស់ហ្វីលីពីន ចាប់អារម្មណ៍វិនិយោគ​លើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗ នៅកម្ពុជា

(ហ្វីលីពីន)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Ramon S. Ang ប្រធាន និងជានាយកប្រតិបត្តិនៃសាជីវកម្ម San Miguel ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងឱកាសនៃដំណើរ​ទស្សនកិច្ចផ្លូវការ​នៅ​ទី​ក្រុង​ម៉ានីល ប្រទេសហ្វីលីពីន ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ក្នុងឱកាសនៃជំនួប លោក Ramon S. Ang ប្រធាន និងជា​នាយកប្រតិបត្តិនៃសាជីវកម្មបានគោរពជម្រាបជូនសម្ដេចបវរធិបតី ថា​ សាជីវកម្ម​San Miguel​ ជាក្រុមហ៊ុនឈានមុខគេ​ ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, អាហារ​ និងភេសជ្ជៈ​,​ ថាមពល​​ និងចម្រាញ់ប្រេង​។​ ជាក់ស្តែង,​ សាជីវកម្ម​ San Miguel បានសាង​សង់​ និង​​​គ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ។​​ ជាមួយគ្នានេះ,​ លោកប្រធានក្រុមហ៊ុនបានគោរព​ជម្រាបជូន​សម្ដេចបវរធិបតីថា ក្រុមហ៊ុនចាប់អារម្មណ៍លើការ​បណ្ដាក់ទុន​វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា តាមរយៈការ​ពង្រីកកិច្ចសហការឱ្យកាន់តែច្រើនជាមួយក្រុមហ៊ុននៅកម្ពុជា។

លោកប្រធានក្រុមហ៊ុនបានលើកឡើងថា កម្ពុជា ជាប្រទេស​មាន​គុណ​សម្បត្តិប្រកួតប្រជែងខ្ពស់ ក្នុងនោះកម្ពុជា ជាប្រទេស​ដែល​មានដីមានជីជាតិល្អ, កម្លាំងពលកម្មមានជំនាញ, ភូមិសាស្ត្រ​អំណោយ​ផល​ដែលអាចឱ្យកម្ពុជាតភ្ជាប់ខ្លួនទៅកាន់បណ្ដា​ប្រ​ទេស​នៅក្នុងតំបន់ និងសកលលោកបានយ៉ាងល្អ។

សម្ដេចបវរធិបតីបានស្វាគមន៍ចំពោះចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគនៅកម្ពុជា ហើយសម្ដេចបវរធិបតីបានគូសបញ្ជាក់ពី​ស​ក្ដា​នុពល និងឱកាសនៃការវិនិយោគលើគម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ ដូចជាផ្លូវល្បឿនលឿនដែលតភ្ជាប់នៅក្នុងកម្ពុជា​ ក៏ដូច​ទៅ​ក្នុងបណ្ដាប្រទេសក្នុងតំបន់។

សម្ដេចបវរធិបតីក៏បានជម្រាបជូនក្រុមហ៊ុនអំពីវិស័យគន្លឹះ និង​យុទ្ធសាស្ត្រ​របស់កម្ពុជា ដែលជាកាលានុវត្តភាព​សម្រាប់​ការវិនិ​យោគរបស់ក្រុមហ៊ុន។ សម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថា វិស័យ​សិកម្មដែលជាវិស័យយុទ្ធសាស្ត្ររបស់កម្ពុជា គឺជាវិស័យដែល​ក្រុម​ហ៊ុនគួរយកចិត្តទុកដាក់ និងពិនិត្យមើលឱកាសវិនិយោគ​ក្នុង​ដំណាក់កាលណាមួយ​ នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់​ ភ្ជាប់ទៅកាន់​តំបន់​ និងពិភពកលោក។

សម្ដេចបវរធិបតីបានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា គាំទ្រ, បង្កលក្ខណៈងាយស្រួល ក៏ដូចជាបង្កើតបរិយាកាស​អំណោយ​ផល និងកិច្ចសម្របសម្រួលនានា សំដៅជំរុញការវិនិយោគ និងភាពជោគជ័យរបស់ក្រុមហ៊ុន នៅកម្ពុជា ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner