ក្រុមហ៊ុន Excellent Associates Group Limited ចាប់​អារម្មណ៍​ស្វែងរកឱកាស វិនិយោគនៅកម្ពុជា

(​ហ្វីលីពីន)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Dai Jianlaing ប្រធានក្រុមហ៊ុន Excellent Associates Group Limited ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាល្ងាចថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសនៃដំណើរ​ទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន ។

ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូន​សម្តេច​បវរធិបតីអំពីប្រតិបត្តិការ និងវឌ្ឍនភាពរបស់ក្រុមហ៊ុន និង​បាន​បង្ហាញ ពីចំណាប់អារម្មណ៍ស្វែងរកឱកាស​វិនិយោគនៅ​កម្ពុជា​ ដែលរួមមា​ន​ ការវិនិយោគសួនឧស្សាហកម្ម និងកសិ-ឧស្សាហ​កម្ម ព្រមទាំងការកែច្នៃ ​និងនាំចេញអង្ករ ទៅកាន់ទីផ្សារ​សំខាន់ៗមួយចំនួនដូចជា៖ ហុងកុង ប្រទេសចិន និងទីផ្សារ​ដទៃ​ទៀត​នាពេលអនាគត​ ព្រោះតែអង្ករកម្ពុជាមានគុណភាពខ្ពស់ និង ទទួលបានចំណាត់ថ្នាក់ល្អច្រើនឆ្នាំ ជាប់ៗគ្នា។

ជាការឆ្លើយតប សម្តេចបវរធិបតី បានបង្ហាញក្តីសោមនស្សចំពោះ​ចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។

សម្តេចបវរធិបតី​ បានបញ្ជាក់អំពីការដាក់ចេញ នូវគោល​នយោ​បាយ​ និង​វិធានការរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ​ដល់ការរៀប​ចំបង្កើតតំបន់សេដ្ឋកិច្ចពិសេស។​

ពាក់ព័ន្ធនឹង​វិស័យកសិ-ឧស្សាហកម្ម​ សម្តេចបវរធិបតី បានលើក​ទឹកចិត្តឱ្យក្រុមហ៊ុនពិចារណាការវិនិយោគលើទំនិញកសិ-ឧស្សា​ហកម្មមួយចំនួនបន្ថែមទៀត ដែលអាចចូលរួមបំពេញតម្រូវការ​ក្នុង​ច្រវាក់ផលិតកម្មនៃវិស័យកសិកម្ម ក៏ដូចជា ការផលិតជីបែប​ធម្មជាតិ និងជីគីមី ជាដើម ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner