ក្រុមហ៊ុន World Citi Group បង្ហាញចំណាប់ អារម្មណ៍វិនិយោគលើវិស័យអប់រំផ្នែកសុខាភិបាលនៅកម្ពុជា
(ហ្វីលីពីន)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកបណ្ឌិត Raymond Patrick V. Guico ប្រធានក្រុមហ៊ុន World Citi Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងឱកាស នៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីការស្វែងរកកិច្ចសហការជាមួយដៃគូនៅកម្ពុជា។ ជាក់ស្ដែង ក្រុមហ៊ុនបានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលការណ៍នេះបង្ហាញយ៉ាងច្បាស់អំពីបំណង និងចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគ និងការពង្រីកអាជីវកម្មនៅក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិសេសក្នុងវិស័យសុខាភិបាល។
លោកប្រធានក្រុមហ៊ុនក៏បានបង្ហាញអំពីចក្ខុវិស័យនៃការអភិវឌ្ឍន៍វិស័យអប់រំផ្នែកសុខាភិបាល នៅកម្រិតឧត្តមសិក្សាឱ្យមានភាពរីកចម្រើន និងឈានមុខគេនៅក្នុងតំបន់អាស៊ី នាពេលអនាគត។ ក្នុងន័យនេះ, ការចាប់ដៃគូជាមួយនឹងវិនិយោគិនកម្ពុជា គឺជាកិច្ចការស្នូល ដែលនាំឱ្យក្រុមហ៊ុនទទួលបានជោគជ័យ។
លោកប្រធានក្រុមហ៊ុនជឿជាក់ថា តាមរយ:ការគាំទ្ររបស់សម្ដេចបវរធិបតី និងភាពជាដៃគូល្អ ក្រុមហ៊ុននឹងទទួលបានជោគជ័យ នៅកម្ពុជា។ បន្ថែមលើនេះ បន្ទាប់ពីសម្រេចបាន នូវដំណើរទស្សនកិច្ចប្រកបដោយផ្លែផ្កា នាឱកាសនៃការចូលរួមវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន និងការចូលជួបសម្ដែងការគួរសមជាមួយសម្ដេចបវរធិបតី ពីសំណាក់ក្រុមប្រឹក្សាភិបាល នៃធុរជនស្ត្រី របស់ហ្វីលីពីន នាខែមករា កន្លងទៅ នៅរាជធានីភ្នំពេញ, លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីគម្រោងនៃការធ្វើទស្សនកិច្ចរបស់ប្រតិភូក្រុមហ៊ុននៅកម្ពុជាសាជាថ្មី នាពេលខាងមុខដ៏ខ្លីនេះ ។
ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែង នូវការអបអរសាទរចំពោះការចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន World Citi Group និងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៃប្រទេសកម្ពុជា នៅក្នុងព្រឹត្តិការណ៍នៃការបើកវេទិកាធុរកិច្ចហ្វីលីពីន-កម្ពុជា។
សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការវិនិយោគនៅកម្ពុជា ពិសេសក្នុងវិស័យអប់រំផ្នែកសុខាភិបាល និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនានា។
សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យសុខាភិបាល ស្របពេលដែលកម្ពុជានឹងមានតម្រូវការខ្ពស់ចំេពាះអ្នកជំនាញការផ្នែកសុខាភិបាល ជាពិសេសគិលានុបដ្ឋាយិកា សម្រាប់បម្រើ និងផ្ដល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ រួមទាំងជនចាស់ជរា។
ដោយសារវិស័យសុខាភិបាលស្ថិតនៅក្នុងមុខវិជ្ជាវិទ្យាសាស្ត្រពិត, សម្ដេចបវរធិបតី បានសង្កត់ធ្ងន់អំពី សារៈសំខាន់នៃកំណត់គុណភាព និងស្តង់ដារអប់រំ ក្នុងវិស័យនេះ និងបានលើកទឹកចិត្ត ឱ្យក្រុមហ៊ុន បន្តទំនាក់ទំនង និងសហការជាមួយនឹងដៃគូក្នុងស្រុក ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល ដែលមាន សមត្ថកិច្ចក្នុងការកំណត់គុណភាព និងស្ដង់ដារច្បាស់លាស់ ក្នុងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យសុខាភិបាលនេះ ៕
ដោយ ៖ វណ្ណលុក
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_09-15-22-683x1024.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_09-15-26-682x1024.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_09-15-25-716x1024.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_09-15-27-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_09-15-29-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_09-15-30-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_09-15-32-1024x682.jpg)