សេចក្តីប្រកាសព័ត៌មាន ស្តីពី កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ​២០២៤​ និងទិសដៅអនុវត្តបន្ត របស់ អគ្គនាយកដ្ឋានគយ និង រដ្ឋាករ​កម្ពុជា

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.​​២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គនាយក​ដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានរៀបចំកិច្ចប្រជុំបូកសរុបការ​ងារប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពដ៏​ខ្ពង់​ខ្ពស់ ឯ​កឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនា​យ​ក​រដ្ឋ​មន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការ​ចូល​រួម​ពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយក​ដ្ឋាន​ពន្ធដារ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អគ្គនាយកដ្ឋាន​គោល​នយោបាយ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធនៃ អគរ នៅទូទាំងប្រទេស។

ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនា​យក​រដ្ឋមន្ត្រី អគ្គនាយកនៃអគ្គ-នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរាយការណ៍ពីលទ្ធផលការងារសំខាន់ៗមួយចំនួនដែលសម្រេចបានក្នុងឆ្នាំ២០២៤ ដោយ អគរ រួមមាន ការប្រមូលចំណូល​ពន្ធនិងអាករចំនួន ១០ ៥៤២,២ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២ ៥៩០,៣ លានដុល្លារអាម៉េរិក) កើនឡើងប្រមាណ ១៣,៨% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២៣។ ការប្រមូលចំ​ណូល​ក្នុងឆ្នាំ២០២៤ នេះជួបប្រទះនឹងបញ្ហាប្រឈមធំៗមួយ​ចំនួនមានជាអាទិ៍ កំណើនជាបន្តបន្ទាប់ទាំងវិសាលភាពនិង​ភាពស៊ីជម្រៅនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការរីក​លូតលាស់នៃផលិតកម្មក្នុងស្រុកជំនួសការនាំចូល, ការអនុគ្រោះ​ពន្ធ​និងអាករកាន់តែធំទូលាយដើម្បីទាក់ទាញការវិនិយោគ, និន្នា​ការកើនឡើងនៃការប្រើប្រាស់រថយន្តដែលមានទំហំស៊ីឡាំងតូច និងរថយន្តអគ្គិសនី, និងការបន្តមាននូវសកម្មភាពរត់គេចពន្ធក្នុង​រូបភាពថ្មីៗកាន់តែស្មុគស្មាញ។

បើគិតជាសមាសភាគចំណូលតាមប្រភេទពន្ធនិងអាករធៀបនឹងចំណូលសរុប អាករលើតម្លៃបន្ថែមមានប្រមាណ ៤១,៣%, អាករពិសេសមានប្រមាណ ៣២,១%, ពន្ធគយមានប្រមាណ ១៨%, អាករបន្ថែមលើផលិតផលប្រេងកាតមានប្រមាណ ៤,៤% និងអាករនាំចេញនិងកម្រៃផ្សេងៗមានប្រមាណ ៤,២%។ ចំពោះសមាសភាគនៃចំណូលតាមក្រុមទំនិញធៀបនឹងចំណូលសរុប ក្រុមទំនិញចម្រុះមានប្រមាណ ៣៤,៧%, យានយន្ត​និង​គ្រឿងចក្រមានប្រមាណ ៣១,១%, ប្រេងឥន្ធនៈនិងថាមពល​មានប្រមាណ ២៦,៩%, និងសម្ភារសំណង់និងកម្រៃផ្សេងៗ​មានប្រមាណ ៧,៣%។ ទំហំពាណិជ្ជកម្មនាំ​ចូល​មាន​ចំនួន ២៨ ៥៤៥,៤ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៨% ធៀប​នឹងឆ្នាំ២០២៣ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗ​មានជាអាទិ៍ ផលិតផលតេលសិលា, វត្ថុធាតុដើមនិងគ្រឿង​ម៉ាស៊ីនបម្រើ​ដល់​គម្រោងវិនិយោគ, គ្រឿងសំណង់, យាន​យន្ត​និងគ្រឿងចក្រ, គ្រឿង​ឧបភោគបរិភោគ និងទំនិញចម្រុះផ្សេងទៀត។

ទំហំពាណិជ្ជកម្មនាំចេញមានចំនួន ២៦ ៤៧២,៨ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៥,៨% ធៀបនឹងឆ្នាំ២០២៣ ដែលក្នុងនោះ ផលិតផលវិនិយោគ​កាត់ដេរមានកំណើន ២៣,៣%, ផលិតផលវិនិយោគមិន​មែនកាត់ដេរ (មានជាអាទិ៍ សំបកកង់រថយន្ត, គ្រឿងបំណែក​អេឡិចត្រូនិក, បង្គុំខ្សែភ្លើង, ផលិតផលពីឈើ, កង់, ផលិតផល​ប្លាស្ទិច, អំពូល, ស្បែកសត្វកែច្នៃ, គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានកំណើន ២,៦%, និងកសិផល (មានជាអាទិ៍ ស្រូវ, កៅស៊ូ, ដំឡូងមី, អង្ករ, ចេក, គ្រាប់ស្វាយចន្ទី និងកសិផលផ្សេងៗទៀត) មានកំណើន ១១,៦%។

បន្ថែមពីលើការងារប្រមូលចំណូល អគរ ក៏សម្រេចបាននូវ​វឌ្ឍនភាព​ល្អប្រសើរលើការងារសំខាន់ៗផ្សេងទៀត ដូចជា៖ (១). ការធ្វើឌីជីថលភាវូបនីយកម្មនីតិវិធី, (២). ការអនុវត្តកិច្ចសម្រួល​ពាណិជ្ជកម្មដល់ធុរជនមានអនុលោមភាពខ្ពស់, (៣). ការពង្រឹង​ការងារ​បច្ចេកទេសគយ, (៤). ការងារបង្ការនិងបង្ក្រាប​អំពើ​រត់គេចពន្ធ និងការអនុវត្តច្បាប់, (៥). ការងារសវនកម្មនិងការ​គ្រប់គ្រងហានិភ័យ, (៦). កិច្ចសហការជាមួយផ្នែកឯកជន និងស្ថាប័នពាក់ព័ន្ធ, (៧). កិច្ចសហប្រតិបត្តិការអន្តរជាតិលើ​ការងារគយ, (៨). ការចូលរួមកសាងច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ, (៩). ការអភិវឌ្ឍធនធានមនុស្ស និងស្ថាប័ន, និង (១០). ការងារសង្គម មនុស្សធម៌ សិល្បៈនិងកីឡា។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃ​ខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគយ​និង​រដ្ឋាករគ្រប់ជាន់ថ្នាក់ក្នុងការសម្រេចបាននូវលទ្ធផលប្រសើរលើការប្រមូលចំណូល និងលើការដ្ឋានការងារផ្សេងទៀត របស់ អគរ ទោះបីជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនរួមមាន ការងើបឡើង​យឺតនូវស្ថានភាពសេដ្ឋកិច្ចជាសកល, ការបន្តអូសបន្លាយ​សង្គ្រាម​រុស្សី-អ៊ុយក្រែន, បញ្ហាសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់, បញ្ហា​នៅមជ្ឈឹមបូព៌ា, ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ជាដើម។ ឯកឧត្ដមអគ្គបណ្ឌិត-សភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹក​ចិត្ត​ឱ្យថ្នាក់ដឹកនាំនិងមន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់​ថ្នាក់បន្ត​យកចិត្ត​ទុកដាក់ខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកប​ដោយ​ស្មារតីទទួលខុសត្រូវ ហើយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងនៅតែបន្តគាំទ្រ អគរ ក្នុងការអនុវត្តការងាររបស់ខ្លួនឱ្យកាន់​តែមានប្រសិទ្ធភាព។

ដើម្បីបង្កើនប្រសិទ្ធភាពប្រមូលចំណូលនិងការងារផ្សេងទៀតរបស់ អគរ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បាន​ផ្ដល់ការណែនាំសំខាន់ៗសម្រាប់អនុវត្តក្នុងឆ្នាំ២០២៥ នូវការងារ​មួយចំនួនពាក់ព័ន្ធនឹង ការប្រមូលចំណូលឱ្យអស់សក្ដានុពល, ការ​បង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងពង្រឹងអនុលោមភាព, ការពង្រឹងការគ្រប់គ្រងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, ការធ្វើទំនើបកម្មនិងការអភិវឌ្ឍស្ថាប័ន, ការជំរុញការរៀបចំ​សេចក្ដី​ព្រាងច្បាប់ស្ដីពីគយ (ថ្មី), ការរៀបចំផែនការសកម្មភាព​សម្រាប់​ការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូលរបស់​រាជរដ្ឋា​ភិបា​ល, ការជំរុញកិច្ចសម្រួលពាណិជ្ជកម្ម, ការបង្កើនកិច្ចសហការជា​មួយស្ថាប័នរដ្ឋ និងវិស័យឯកជន, និងការលើកកម្ពស់អភិបាល​កិច្ច ជាដើម។

ក្នុងឱកាសនោះ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ ‹‹សៀវភៅមគ្គុទ្ទេសក៍នីតិវិធី​គយ​កម្ពុជា›› ដែលជាកម្រងអត្ថបទរៀបរាប់អំពីនីតិវិធី​បំពេញបែបបទ​បញ្ចេញទំនិញពីគយជាធរមាន និងព័ត៌មានផ្សេងៗទៀត​ពាក់ព័ន្ធ​នឹងរដ្ឋបាលគយកម្ពុជា សម្រាប់សាធារណជន និងធុរជនអាច​ប្រើ​ប្រាស់សម្រាប់ជាជំនួយក្នុងការអនុវត្តនីតិវិធីគយ និងបានផ្ដល់កិត្តិ​យស​បំពាក់នូវសញ្ញាឋានៈ និងគ្រឿងឥស្សរិយយសដល់​មន្ត្រីគយ​និងរដ្ឋាករដែលមានស្នាដៃមួយចំនួនផងដែរ។

ប្រភព ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner