សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ក្រុមហ៊ុនចំនួន១៥១នៅហ្វីលីពីន អំពីសក្តានុពលសំខាន់ៗនៅកម្ពុជា

ភ្នំពេញ៖កម្ពុជាបានក្លាយជាទិសដៅចម្បង សម្រាប់ការវិនិយោគផ្ទាល់​ពីបរទេស ​(FDI) ដែលត្រូវបានដាក់បញ្ចូលនៅក្នុង​បញ្ជីតាមដាន FDI Intelligence Standouts Standouts 2024 ដែលជាប់ចំណាត់​ថ្នាក់ក្នុងចំណោមគោលដៅ FDI កំពូលទាំង ៥០ របស់ពិភពលោក។ នៅឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួនជាង ៤០០​គម្រោង​​ជាមួយ​នឹងទំហំវិនិយោគជិត៧ពាន់លានដុល្លារ កើនឡើងជាង​៤០ភាគរយបើធៀបនឹងឆ្នាំ២០២៣។នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណាចក្រ​កម្ពុជា ទៅកាន់វិនិយោគិនជាង២០០នាក់ ​មកពីបណ្តាក្រុមហ៊ុនចំនួន ១៥១ក្រុមហ៊ុនក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន នៅប្រទេសហ្វីលីពីន​កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ។

បញ្ជាក់ជូនវិនិយោគិនជាង២០០នាក់ ​មកពីបណ្តាក្រុមហ៊ុនចំនួន ១៥១ក្រុមហ៊ុននៅប្រទេសហ្វីលីពីន ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានគូសបញ្ជាក់អំពីសក្តានុពលសំខាន់ៗមួយចំនួន នៃការវិនិយោគនៅកម្ពុជា ​ដែលនឹងផ្តល់អត្ថ​ប្រយោជន៍​​​ដល់​វិនិយោគិនបរទេស ដែលចូលមកវិនិយោគនៅកម្ពុជា ។

ស្របជាមួយនឹងកំណើននៃការទទួលបានទុនវិនិយោគនេះ សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចអំពី​សក្តានុពលនិងការ​ផ្តល់ជូនអត្ថប្រយោជន៍ជាច្រើនដល់វិនិយោគិន​ ​ដែលរួម​៖
១. កម្ពុជាមានបរិយាកាសអំណោយផល និងការលើកទឹកចិត្ត តាមរយៈការកែទម្រង់ ​និងការកែសម្រួលបទបញ្ញត្តិ និងការផ្តល់​ការលើកទឹកចិត្តពន្ធជាច្រើនដល់វិនិយោគិន។
២. កិច្ចទំនាក់ទំនងដ៏រឹងមាំរវាងរដ្ឋាភិបាល និងប្រជាជន, ទំនាក់ទំនងបើកចំហរវាងវិនិយោគិន ដែលជាអទិភាពដ៏សំខាន់ ដែលធានាថា កង្វល់ទាំងអស់របស់វិស័យឯកជន និងវិនិយោគិន នឹងត្រូវបានលើកឡើង និងដោះស្រាយជាប់ជាប្រចាំ។
៣. ទីតាំងយុទ្ធសាស្រ្ត និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​ដោយ​កម្ពុជាស្ថិតនៅទីតាំងយុទ្ធសាស្រ្តនៅចំកណ្តាលនៃអាស៊ាន ដែលធ្វើឱ្យកម្ពុជាមានភាពកាន់តែល្អឥតខ្ចោះក្នុងការតភ្ជាប់ទីផ្សារ ខណៈរាជរដ្ឋាភិបាលបានអភិវឌ្ឍមន៍ហេដ្ឋារចនាសម្ព័ន្ធ និងឡូជីស្ទីក ដើម្បីងាយស្រួលដល់ការតភ្ជាប់។
៤. លទ្ធភាពក្នុងការចូលទីផ្សារតំបន់ និងសាកលដ៏ទូលំទូលាយ តាមរយៈកិច្ចព្រមព្រៀងនានា ដូចជាកិច្ចព្រម​ព្រៀង​អាសិប​ កិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរីជាមួយចិន កូរ៉េ និងអេមីរ៉ាតអារ៉ាប់រួមជាដើម។
៥. សេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍ ដោយរាជរដ្ឋាភិបាលទទួលស្គាល់​អំពីអំណាចបដិវត្តកម្មនៃឌីជីថលូបនីយកម្ម និងការផ្តល់អទិភាពដល់​ការអភិវឌ្ឍ​ប្រព័ន្ធអេកូឡូស៊ីឌីជីថលដ៏រឹងមាំ។
ក្នុងន័យនេះសម្តេចលើកទឹកចិត្តដល់វិនិយោគិនហ្វីលីពីន ក្នុងការ​ធ្វើជាភាពដៃគូរជាមួយកម្ពុជា ក្នុងការកសាង​អនាគត​ឌីជីថលនៅកម្ពុជា។
៦. ថាមពលប្រកបដោយចីរភាព និងកំណើនបៃតង ​ដោយកម្ពុជាមាន​ការប្តេជ្ញាចិត្ត ចំពោះការអភិវឌ្ឍន៍ថាមពល​ប្រកប​ដោយចីរភាព និងកំណើនបៃតង​​ ។

នៅចំពោះមុខអ្នកវិនិយោគ និងពាណិជ្ជករហ្វីលីពីន សម្តេចធិបតីបាន​អញ្ជើញវិនិយោគិនពីគ្រប់ទិសទីទាំងអស់ មក​ស្វែងយល់អំពីកាលា​នុវត្តភាព​ដ៏សំបូរបែប នៅក្នុងទីផ្សារដែលកំពុងរីកលូតលាស់យ៉ាងឆាប់ ប្រកបដោយចីរភាព តាមរយៈយន្តការគាំទ្រ និងគន្លឹះដ៏គ្រប់ជ្រុងជ្រោយ។ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាសម្របសម្រួល និងធ្វើឱ្យការវិនិយោគ​របស់អ្នក ទទួលបាននូវបទពិសោធន៍ដ៏រលូន និងជោគជ័យ ។ សម្តេចធិបតីថ្លែងថា អាស៊ីអាគ្នេយ៍មិនធំពេកទេ ប៉ុន្តែយើង​មានទីផ្សារធំ យើងមានបេះដូងធំ។

ជាមួយនេះ សម្ដេចបវរធិបតី បានប្រាប់ទៅកាន់ ធុរកិច្ចជនហ្វីលីពីនថា អង្ករក្រអូបប្រណិតកម្ពុជា បានឈ្នះពាន​រង្វាន់អង្ករ​ល្អប្រណិតដាច់គេ ចំនួន ៦លើកមកហើយ រាប់ចាប់តាំងពីឆ្នាំ២០១២មក រួមបញ្ចូល​ទាំងពានរង្វាន់​សន្និសីទស្រូវអង្ករ​ពិភពលោក ឆ្នាំ២០២៤ នាទីក្រុងម៉ានីឡា។ ក្នុងន័យនេះ សូមអញ្ជើញធុរកិច្ចជនហ្វីលីពីន ដើម្បីនាំចូល អង្ករផ្ទាល់ពីកម្ពុជា សម្រាប់ធ្វើពាណិជ្ជកម្ម ។

ទន្ទឹមនេះ សម្តេចធិបតី បានស្នើឱ្យមានការតភ្ជាប់ ជើងហោះ​ហើរថ្មីៗបន្ថែមទៀតរវាងកម្ពុជា-ហ្វីលីពីន ជាពិសេស ទៅកាន់​គោលដៅទេសចរណ៍សំខាន់ៗ​របស់កម្ពុជា ដោយសម្ដេចបញ្ជាកើថា ខ្ញុំក៏ធ្លាប់បានពិភាក្សា ជាមួយឯកឧត្តម ប្រធានាធិបតីហ្វីលីពីន នូវលទ្ធភាព នៃការបង្កើនជើងហោះហើរត្រង់បន្ថែមពីលើផ្លូវ ម៉ានីល- ភ្នំពេញ និងការរួម​បញ្ជូល​ពីម៉ានីល-សៀមរាប និងការភ្ជាប់តំបន់​ទេសចរណ៍នៃ​ប្រទេសទាំង២ ដូចជា សេប៊ូល និងសៀមរាបផងដែរ ។ ខ្ញុំក៏បាន​ឯកភាពជាមួយអ្នកឧកញ៉ា គិត ម៉េង ក្នុងការអញ្ជើញខាង​ថ្នាក់ដឹកនាំ​ព្រលានយន្តហោះ ខាងហ្វីលីពីន ដើម្បីធ្វើការតភ្ជាប់​ត្រង់ នៃតំបន់ទេសចរណ៍នៃប្រទេសកម្ពុជា-ហ្វីលីពីនបន្ថែមទៀតផងដែរ ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា កម្ពុជា ក្រៅពីតំបន់អង្គរវត្ត ក៏មានតំបន់ទេសចរណ៍ដ៏​សំបូរ​បែបបន្ថែមទៀត ដូចជាតំបន់មាត់សមុទ្រ និងតំបន់បេតិភណ្ឌ វប្បធម៌ជាច្រើនទៀត ដូចនេះសូមអញ្ជើញ​អ្នក​វិនិយោគិន​ហ្វីលីពីន ​ចូលរួមជាមួយកម្ពុជា ក្នុងការវិវឌ្ឍវិស័យទេសចរណ៍ដ៏ល្អឯក និងបើកសក្តានុពលដ៏ធំធេងក្នុង​ការវិស័យទេស​ចរណ៍នេះ ដែលនេះជាភាពបំពេញគ្នា នៃសេដ្ឋកិច្ចរបស់រវាងហ្វីលីពីន និងកម្ពុជាផងដែរ ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner