សម្តេចតេជោ ហ៊ុន សែន ចំអកទៅទណ្ឌិតរស់នៅក្រៅសំណាញ់ច្បាប់ថា អ្នកល្ងង់កំពុងដឹកនាំប្រទេស រីឯអ្នកឆ្លាតរត់ចោលស្រុក
(កណ្ដាល)៖ សម្តេចតេជោ ហ៊ុន សែន បានចំអកទៅទណ្ឌិតរស់នៅក្រៅសំណាញ់ច្បាប់ថា អ្នកល្ងង់កំពុងដឹកនាំប្រទេស រីឯអ្នកឆ្លាតរត់ចោលស្រុក ។ អ្នកល្ងង់បានប្រើអ្នកឆ្លាតកែច្បាប់នៅរដ្ឋសភាពីប្រព័ន្ធ ២ភាគ៣ មក ៥០ បូក១ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានាបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ខេត្តកណ្តាល ។
សម្តេចតេជោ ហ៊ុន សែន បានចំអកឱ្យក្រុមប្រឆាំងមួយចំនួន ដែលតែងតែអួតខ្លួនឯងថា ឆ្លាត ហើយរិះគន់សម្តេចថាល្ងង់ ប៉ុន្តែបែជាឱ្យអ្នកល្ងង់ ប្រើក្បាលទៅវិញ ជាពិសេស គឺប្រើឱ្យកែរដ្ឋធម្មនុញ្ញពី ២/៣ ទៅ ៥០បូក១ កាលពីខែមិនា ឆ្នាំ២០០៦កន្លងទៅនោះ ។
សម្តេចតេជោ បានលើកឡើងថា សម្តេចពិតជាអស់សំណើច ដែលមានអ្នកខ្លះតែងតែប្រកាសអួតថា ខ្លួនឯងឆ្លាត ហើយរិះគន់សម្តេចថា ល្ងង់ ប៉ុន្តែអ្នកដែលគេចោទថា ល្ងង់ បែជាធ្លាប់ដឹកនាំប្រទេសរាប់សិបឆ្នំា និងធ្វើឱ្យប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ តែអ្នកដែលឆ្លាតបែជារត់ចោលស្រុកទៅវិញនោះ ។
សម្តេចតេជោប្រធានព្រឹទ្ធសភា ក៏បានលើកឡើងផងដែរថា ក្រុមប្រឆាំងមួយចំនួន ជាពិសេសក្រុមទណ្ឌិតក្បត់ជាតិបីជំនាន់ ដែលតែងតែអួតខ្លួនឯងឆ្លាតនោះ ក៏បានយករឿងរ៉ាវសញ្ញាបត្រ ឬនិក្ខេបបទថ្នាក់បណ្ឌិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មកធ្វើជាអាជីវកម្មនយោបាយ និងដើម្បីកេងចំណេញនយោបាយផងដែរ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការចោទប្រកាន់ក៏ត្រូវបានសម្តេចធិបតីឆ្លើយតបទៅវិញយ៉ាងចាស់ដៃផងដែរ កាលពីឆ្នាំ២០២៣កន្លងទៅនោះ ។
សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា កាលពីឆ្នាំកន្លងទៅ មានក្រុមអ្នកសារព័ត៌មាន ទៅសាកលវិទ្យាប្រ៊ីស្តូល របស់អង់គ្លេស ដើម្បីស្វែងរកនិក្ខេបបទបញ្ចប់ការសិក្សារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។ ពេលនោះហើយ ដែលសម្តេច បានស្នើសម្តេចមហាបវរធិបតី ឱ្យបញ្ចេញនិក្ខេបបទ ហើយក៏ធ្វើឱ្យបញ្ហាបើកកកាយរឿងសិក្សារបស់សម្តេចមហាបវរធិបតី ត្រូវបានបញ្ចប់ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_10-32-02-1024x683.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_10-32-04-1024x682.jpg)