ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអន្តរក្រសួងពាក់ព័ន្ធ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង រួមគ្នាទទួលខុសត្រូវចំពោះការថែរក្សាបឹងទន្លេសាប ដែលជាធនធានធម្មជាតិដ៏មានតម្លៃឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ
(កំពង់ឆ្នាំង)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំអន្តរក្រសួងស្ដីពីការពិភាក្សាការងារគ្រប់គ្រងដីនៅតំបន់បឹងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានថ្លែងជំរុញឱ្យអន្តរក្រសួងពាក់ព័ន្ធ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ត្រូវរួមគ្នាគិត រួមគ្នាសម្រេចចិត្តនិងរួមគ្នាទទួលខុសត្រូវចំពោះការថែរក្សាបឹងទន្លេសាបដែលជាធនធានធម្មជាតិដ៏មានតម្លៃឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បញ្ជាក់ថា ដោយអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុវត្តផែនការចុះបញ្ជីដីនៅតំបន់បឹងទន្លេសាប រួមនឹងខេត្តកំពង់ឆ្នាំងទាំងមូល និងត្រៀមអនុវត្តតាមសំណូមពរមួយចំនួនរបស់រដ្ឋបាលខេត្ត ស្រុកផងដែរ ។ កិច្ចការបឹងទន្លេសាប គឺជាកិច្ចការមួយដែលយើងទាំងអស់គ្នាត្រូវហ៊ានសម្រេចចិត្ត ក្នុងការកំណត់គោលការណ៍នៃការដឹកនាំគ្រប់គ្រងបឹងទន្លេសាបនេះ ឱ្យបានជាក់លាក់ដោយមិនអាចបណ្ដែតបណ្ដោយបាននោះទេ ជៀសវាងប្រឈមនឹងការបាត់បង់ ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_12-12-35-1024x682.jpg)
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យពិនិត្យពិច្ច័យឱ្យបានច្បាស់លាស់នៅតំបន់ខ្លះក្នុងតំបន់បឹងទន្លេសាបដើម្បីឈានទៅកំណត់ឡើងវិញ និងមិនត្រូវអោយមានការកាត់ឆ្វៀលដីធ្វើជាកម្មសិទ្ធរបស់ខ្លួនទៀតទេ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា យើងទាំងអស់គ្នាត្រូវរួមគ្នាគិត រួមគ្នាសម្រេចចិត្តនិងរួមគ្នាទទួលខុសត្រូវចំពោះមនុស្សជំនាន់ក្រោយ ក្នុងការថែរក្សាបឹងទន្លេសាបដែលជាធនធានធម្មជាតិដ៏មានតម្លៃនេះឱ្យបានស្ថិតស្ថេរគង់វង្ស ពីព្រោះបឹងទន្លេសាបមានផលប្រយោជន៍យ៉ាងមហាសាលសម្រាប់ប្រទេសជាតិដែលអាចជួយទ្រទ្រង់សេដ្ឋកិច្ច សង្គមនិងវប្បធម៌របស់ប្រជាជនខ្មែរគ្រប់រូប៕
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_12-12-31-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_12-12-30-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_12-12-37-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_12-12-34-1024x682.jpg)
ដោយ / គ្រី សម្បត្តិ