អាជ្ញាធរជាតិព្រះវិហារ បញ្ចប់ការជួសជុល ស្តូបលោកតាឌី នៅសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ
ភ្នំពេញ៖ ស្តូបលោកតាឌីដែលស្ថិតនៅបរិវេណសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ ខេត្តព្រះវិហារបានជួសជុលរួចរាល់ជាស្ថាពរ និងដាក់ជូនសាធារណជនប្រើប្រាស់ចាប់ពីថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២៥ នេះតទៅ។នេះបើយោងតាមអាជ្ញាធរជាតិព្រះវិហារឱ្យដឹងនៅថ្ងៃទី១១ ខែកុម្ភៈ។
ប្រភពដដែលប្រាប់ថា ការងារថែទាំ និងជួសជុលស្តូបលោកតាឌី នៅបរិវេណសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារបានប្រើរយៈពេលមួយខែដោយអនុវត្តចាប់ពីថ្ងៃទី១០ ខែមករា ដល់ថ្ងៃទី១០ ខែកុម្ភៈដោយក្រុមការងារនាយកដ្ឋានគ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍន៍សហគមន៍នៃអាជ្ញាធរជាតិព្រះវិហារ។ក្រុមការងារបានជួសជុល និងកែលម្អស្តូបលោកតាឌីនៅផ្នែកមួយចំនួនដែលមានភាពពុកផុយ ស្លកពណ៌ថ្នាំ និងជ្រាបទឹកតាមដំបូល ក្នុងនោះមាន បានរុះរើដំបូលក្បឿង ដើម្បីសម្អាតឡើងវិញនិងលាបថ្នាំការពារជម្រាបទឹកនៅពិដានបេតុង។
រុះរើដៃរណែងដែលច្រេះ និងផ្លាស់ប្តូរថ្មី ក្រាលស័ង្កសីលាតនៅផ្នែកខាងក្រោមដំបូលក្បឿងស្រកាលិញក្នុងន័យបង្កើនការបង្ការទឹកស្រក់ ឬជ្រាបពីដំបូល។ ពង្រឹងគ្រឹះនិងរៀបឥដ្ឋកន្សែងព័ន្ធជុំវិញដើម្បីការពារការហូរច្រោះដីគ្រឹះ លាបថ្នាំពណ៌ថ្មីនៅផ្នែកពិដាននិងនៅខឿនក្បាច់ខាងក្រោមទាំងអស់ឡើងវិញ៕
ដោយ៖មុនី
រូបថត៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-12_08-25-40-1024x576.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-12_08-25-37-1024x576.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-12_08-25-34-1024x576.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-12_08-25-30-1024x576.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-12_08-25-28-1024x576.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-12_08-25-26-1024x576.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-12_08-25-24-1024x576.jpg)