អ្នកផលិតខោខូវប៊យអាមេរិកនៅអាហ្វ្រិកកំពុងបារម្ភ
បរទេស ៖ លោក ប្រធានាធិបតី សហរដ្ឋអាមេរិក Donald Trump ត្រូវតែសម្រេចចិត្ត ក្នុងពេលឆាប់ៗនេះថា តើខោខូវប៊យ របស់អាមេរិក នឹងនៅតែផលិត នៅអាហ្វ្រិក ឬ យ៉ាងណា។
ខោខូវប៊យម៉ាក Wrangler និង Levi’s កំពុងដំណើរការខ្សែសង្វាក់ផលិតកម្ម នៅឯរោងចក្រ United Aryan ដែលមានមូលដ្ឋាន នៅអាហ្វ្រិកខាងកើត គឺ ជាយក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។
រោងចក្រដំណើរការ ក្រោមហេតុផលសំខាន់មួយ គឺ ច្បាប់កំណើន និងឱកាសអាហ្រ្វិក ហៅកាត់ AGOA ដែលជាច្បាប់របស់សហរដ្ឋអាមេរិក មានកាលអាយុ ២៥ឆ្នាំ ដែលផ្តល់សិទ្ធិ មិនគិតពន្ធដល់ទំនិញរាប់ពាន់មុខ ដែលផលិតនៅលើទ្វីប ជាពិសេស សម្លៀកបំពាក់។
កិច្ចព្រមព្រៀងនេះ ត្រូវផុតកំណត់ នៅខែកញ្ញា ឆ្នាំ២០២៥។ លុះត្រាតែ ប្រធានាធិបតីអាមេរិក Donald Trump យល់ព្រមបន្ត ទើបអាចស្រោចស្រង់ ការងារអាហ្វ្រិក រាប់រយរាប់ពាន់នាក់។
លោក Pankaj Bedi នាយកប្រតិបត្តិរោងចក្របាននិយាយថា «យើងមានសហគមន៍ចំនួន១៥ម៉ឺននាក់ ដែលពឹងផ្អែកដោយផ្ទាល់ និងដោយប្រយោល មកលើយើង»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត