ឯកឧត្តម ឈាង រ៉ា ៖ ក្រុមគ្រូពេទ្យត្រូវយកចិត្តទុកដាក់អ្នកជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម និងចែករំលែកចំណេះដឹងដល់ខេត្តនានា

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបើកទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី២៧ និងថែទាំវេជ្ជសាស្ត្រលើកទី១៤ និងការបំពាក់គ្រឿងឥស្សរិយយស ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ សប្បុរសជន នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដល់គ្រប់អង្គភាពសុខាភិបាលទូទាំងប្រទេស ៖

  • ត្រូវបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្រ្តបន្ថែមគ្រប់កម្រិត និងគ្រប់ជំនាញឯកទេស ជំនាញថ្មីៗ ប្រកបដោយនវានុវត្តន៍ តាមរយៈការបណ្តុះបណ្តាលនានាទាំងក្នុង និងក្រៅប្រទេស និងបន្តជួយបណ្តុះបណ្តាលដល់អ្នកបន្តវេនទៅថ្ងៃមុខ។
  • បន្តយកចិត្តទុកដាក់លើកកំពស់ ការផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយភាពទន់ភ្លន់ឆ្លើយតបបានទាន់ពេលវេលា ត្រូវប្រកាន់ខ្ជាប់ជានិច្ច នូវក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ ដើម្បីឱ្យមានភាពជិតស្និទ្ន រវាងគ្រូពេទ្យជាអ្នកបម្រើសេវាផ្ទាល់ជាមួយអ្នកជំងឺ និងសាច់ញាត្តិ បង្កើនបានទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។
  • បន្តបង្កើនការផ្តល់អាទិភាពដល់អ្នកជំងឺចាស់ជរា បងប្អូនពិការភាព បងប្អូនជួបលំបាកការខ្វះខ្វាតផ្សេងៗ ធ្វើយ៉ាងណាបង្កលក្ខណៈជូនដល់គាត់ ឱ្យទទួលសេវាព្យាបាលថែទាំ ឆ្លើយតបបានទៅនឹងស្ថានភាពជំងឺជាក់ស្តែង និងផ្តល់ការពន្យល់ទូលំទូលាយ។
  • យកចិត្តទុកដាក់ទៅលើអ្នកជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម និងចែករំលែកចំណេះដឹងដល់ខេត្តនានា ពិសេសសុខភាពបឋម ដល់កម្រិតថ្នាក់ខេត្ត ស្រុក និងមណ្ឌលសុខភាព។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី លើកឡើងទៀតថា កត្តាដែលធ្វើឱ្យការពិនិត្យព្យាបាលបានល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ដោយត្រូវមានការចូលរួមពីអ្នកជំនាញពាក់ព័ន្ធ ក្នុងការចូលរួមដោះស្រាយ ធ្វើរោគវិនិច្ឆ័យ និងសិក្សាស្វែងយល់ ប្រជុំគ្នា ដើម្បីចូលរួមដោះស្រាយទាំងអស់គ្នា រកគន្លឹះធ្វើយ៉ាងម៉េចឱ្យបានឆាប់រហ័ស និងប្រសិទ្ធភាពខ្ពស់។

ក្នុងនោះក៏មានពិធីបំពាក់គ្រឿងឥស្សរិយយស មេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងអង្គការដៃគូ សប្បុរសជន ដែលតែងតែសហការគាំទ្រ ជួយដល់មន្ទីរពេទ្យកន្លងមក ចំនួន ១៤៩រូប ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner