អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ ករណីរៀបចំផែនការធ្វើឃាតសម្តេចតេជោ ហ៊ុន សែន គឺបង្ក្រាបទៅលើមុខសញ្ញាបានមួយជំហានហើយ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា ទាក់ទងករណីក្រុមរៀបចំផែនការធ្វើឃាតសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយវាយប្រហារតាមដ្រូនចូលភូមិគ្រឹះរបស់សម្ដេចនៅក្រុងតាខ្មៅ គឺបានអនុវត្តច្បាប់ត្រឹមត្រូវនៅក្នុងការបង្ក្រាបទៅលើមុខសញ្ញាបានមួយជំហានហើយ។
បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា ចំពោះមុខសញ្ញាលទ្ធផល នៃការអង្កេតស្រាវជ្រាវជនដែលពាក់ព័ន្ធ គឺថ្នាក់ដឹកនាំបានដឹងមុខសញ្ញា ហើយក៏បានអនុវត្តច្បាប់ត្រឹមត្រូវនៅក្នុងការបង្ក្រាបទៅលើមុខសញ្ញាបានមួយជំហានហើយ ដូចដែលប្រសាសន៍របស់សម្តេចតេជោបានទម្លាយកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។ ប៉ុន្តែរឿងនេះ គឺមិនអាចនិយាយជាចំហនូវលទ្ធផល នៃការស៊ើបអង្កេតស្រាវជ្រាវ និងលទ្ធផល នៃការបង្ក្រាបទេ។ ថ្នាក់ដឹកនាំ និងផ្នែកជំនាញសហការគ្នាគ្រប់ជំនាញគ្រប់វិស័យពាក់ព័ន្ធគ្រប់អង្គភាពដែលមានតួនាទីភារកិច្ចនៅក្នុងកិច្ចការងារសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ជាពិសេសគឺការពារនូវសន្តិភាពទាំងមូលរបស់ជាតិតែម្តង គឺធ្វើការងារនេះ ដោយសម្ងាត់ប្រកបដោយជំនាញ និងការទទួលខុសត្រូវខ្ពស់។

បណ្ឌិត ទូច សុឃៈ បានបន្តថា នៅពេលដែលបានស្តាប់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលអគ្គមគ្គុទ្ទេសនយោបាយឯករបស់កម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ គឺក្រសួងមហាផ្ទៃមានការសោកស្តាយ និងសម្តែងនូវការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះផែនការដ៏ពិសពុលខ្មៅងងឹតរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ហើយដែលមានការគាំទ្រពីបរទេសថែមទៀតនៅក្នុងការបញ្ជាដ្រូនធ្វើការវាយប្រហារលើភូមិគ្រឹះរបស់សម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ នេះមិនមែនជារឿងបុគ្គលរបស់សម្តេចតេជោ ឬសម្តេចធិបតីនាយករដ្ឋមន្ត្រីទេ។ បើទោះបីជារឿងបុគ្គល ក៏ត្រូវតែការពារជាដាច់ខាតពីព្រោះសម្តេចជាអ្នកមានគុណរបស់ជាតិ។ នេះ គឺជារឿងរបស់ជាតិ បើកាលណាគេប៉ះពាល់ទៅដល់សុវត្ថិភាពមេដឹកនាំកំពូលរបស់ជាតិ ពេលនោះ គឺថាស្ថេរភាព និងភាពវឹកវររបស់កម្ពុជាត្រូវធ្លាក់ទៅក្នុងរណ្តៅនៃភ្លើងសង្គ្រាម ដែលជាឱកាសរបស់ពួកជ្រុលនិយម ឬបរទេសណាមួយដែលគេរៀបចំផែនការ។
អ្នកនាំពាក្យរូបនេះបានបន្តទៀតថា ក្នុងនាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ គឺមានការសោកស្តាយជាពន់ពេក ហើយមិននឹកស្មានដល់នូវឧបាយកល ឬក៏ផែនការដ៏ពិសពុលអមនុស្សធម៌បែបនេះ។ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ គឺប៉ុន្មានថ្ងៃមុនឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសារម្តងរួចហើយ ដែលក្នុងនោះឯកឧត្តមអភិសន្តិបណ្ឌិតបានបញ្ជាក់ថា ក្របខណ្ឌក្រសួងមហាផ្ទៃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិលចំណុះក្រសួងមហាផ្ទៃ មន្ត្រីពន្ធនាគារ គឺវេញជាធ្លុងមួយដើម្បីការពារជ្រោមជ្រែង រក្សាគាំទ្រដល់សម្តេចតេជោ សម្តេចធិបតី និងក្រុមគ្រួសារទាំងមូលតែម្តង បានន័យថា ការពារក្រុមគ្រួសារសម្តេចតេជោ សម្តេចធិបតី គឺការពារជាតិរបស់យើង។
អ្នកនាំពាក្យរក្រសួងមហាផ្ទៃបានបញ្ជាក់ថា ការប៉ះពាល់ដល់សម្តេចតេជោ ក្តី សម្តេចធិបតី ក្តី ឬក្រុមគ្រួសារ គឺមិនមែនត្រឹមតែជារឿងបុគ្គល ឬក៏រឿងក្រុមគ្រួសាររបស់សម្តេចទេ គឺជាស្ថេរភាពជាតិទាំងមូលដែលអាចនឹងមានហានិភ័យធ្ងន់ធ្ងរបំផុត។ ដូច្នេះសូមឱ្យផែនការដ៏ខ្មៅកខ្វក់ ហើយដែលមានបរទេសនៅជួយពីក្រោយនេះ ពិចារណាគិតឡើងវិញ។
សូមផ្ញើសារជូនប្រជាពលរដ្ឋទាំងអស់ គឺរួមគ្នាជាធ្លុងមួយគិតពីប្រយោជន៍ជាតិ គឺការពារ ជ្រោមជ្រែង ថែរក្សា គាំទ្រសម្តេចតេជោ សម្តេចធិបតី និងក្រុមគ្រួសារ ក៏ដូចជាឥស្សរជនដទៃទៀតៗ។ ការការពារ ការជ្រោមជ្រែង ការរក្សា ការគាំទ្រ ការប្រឆាំងទៅនឹងឧក្រិដ្ឋកម្មនយោបាយរបស់ពួកគេ ឬក៏ភេរវកម្ម ដែលគេហៅថា ជាគម្រោងបដិវត្តន៍ពណ៌ គឺជាការរក្សានៅស្ថេរភាព សន្តិភាព និងភាពរឹងមាំរបស់កម្ពុជាទាំងមូល បានន័យថា រក្សានៅជីវិតយើងទាំងអស់គ្នាកុំឲ្យរបបអាវខ្មៅពិសពុលមកដឹកនាំធ្វើទុក្ខបុកម្នេញដល់អាយុជីវិតរបស់យើងបន្តទៅទៀត ឬម្តងទៀត៕
ដោយ៖ពលជ័យ