ឯកឧត្តម ហេង សួរ ៖ គណៈកម្មាធិការជាតិបណ្តុះបណ្តាល បានដាក់ចេញនូវទិសដៅការងារឆ្នាំ២០២៥ ចំនួន ៤ចំណុច

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានគូសបញ្ជាក់ថា គណៈកម្មាធិការជាតិបណ្តុះបណ្តាលបានដាក់ចេញនូវទិសដៅការងារឆ្នាំ២០២៥ ដោយទី១. បន្តកែសម្រួលសមាសភាពគណៈកម្មការចំណុះ និងលេខាធិការដ្ឋាន, ទី២. ជំរុញឱ្យមានផែនការប្រតិបត្តិ និងផែនការថវិកាសម្រាប់ដំណើរការ និងរបបប្រជុំជាក់លាក់ទាំងគណៈកម្មាធិការជាតិ គណៈកម្មការចំណុះ និងលេខាធិការដ្ឋាន និងមានការគាំទ្រថវិកាសម្រាប់ដំណើរការ, ទី៣. បន្តរៀបចំប្រជុំពិនិត្យ និងអនុម័តឯកសារគតិយុត្តតាមការស្នើសុំរបស់គណៈកម្មការចំណុះ, និងទី៤. បន្តចូលរួមផ្តល់ធាតុចូល និងពិនិត្យសម្រេចលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្ត គោលនយោបាយជាតិ អ.ប.វ. ឆ្នាំ២០២៥-២០២៧។

ប្រសាសាសន៍ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងកាលពីថ្ងៃ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិបណ្តុះបណ្តាល ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការតំណាងក្រសួងស្ថាប័ននានា, តំណាងវិស័យឯកជន, នាយកនៃវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស, និងបណ្តាថ្នាក់ដឹកនាំសហជីព ផងដែរ។

កិច្ចប្រជុំគណៈកម្មាធិការជាតិបណ្តុះបណ្តាល ធ្វើឡើងក្នុងគោលបំណង ក្នុងគោលបំណងណែនាំសមាសភាពថ្មី, បង្ហាញពីតួនាទីភារកិច្ចរបស់គណៈកម្មាធិការជាតិបណ្តុះបណ្តាល, រៀបចំកែសម្រួលគណៈកម្មការប្រតិបត្តិ, បង្ហាញពីយន្តការអនុវត្តការវាយតម្លៃផ្អែកលើសមត្ថភាពទទួលស្គាល់ការសិក្សាដែលមានពីមុន និងការទទួលស្គាល់សមត្ថភាពបច្ចុប្បន្ន (RPL/RCC) និងពិភាក្សាពីយន្តការពង្រឹងគណៈកម្មាធិការជាតិបណ្តុះបណ្តាល (NTB)។

ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់បន្ថែមទៀតថា នៅក្នុងអាណត្តិទី៧នេះ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសមិនមានដល់កម្រិតឧត្តមសិក្សា(PhD) នោះទេ ពីព្រោះការបណ្តុះបណ្តាលជំនាញបច្ចេកទេសគឺសំដៅលើការបណ្តុះបណ្តាលរយៈពេលខ្លី ជាស្ពានចម្លងពលរដ្ឋទៅរកពិភពការងារលឿន បន្ទាប់ពីបញ្ចប់ការសិក្សា។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញដល់គណៈកម្មាធិការជាតិបណ្តុះបណ្តាល សូមបន្តបេសកកម្មបន្តទៀត ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner