ញត្តិថ្កោលទោស របស់សមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចំពោះគម្រោងផែនការវាយប្រហារជ្រួន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន
(ភ្នំពេញ)៖ យើងខ្ញុំទាំងអស់គ្នាជាសមាជិក សមាជិកា ព្រឹទ្ធសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្កការចំពោះផែនការវាយប្រហារដោយជ្រួន ចូលភូមិគ្រឹះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលជា វីរជននិងជារដ្ឋបុរសជាតិ និងគ្រួសារ ដែលជាសកម្មភាពភេរវកម្មមិនអាចអត់ឱនឱ្យបាន ប្រឆាំងថ្នាក់ដឹកនាំរបស់ ប្រទេសជាតិ សំដៅរុញច្រានមាតុភូមិកម្ពុជាឱ្យធ្លាក់ក្នុងគ្រោះមហន្តរាយនៃសង្គ្រាមសាជាថ្មី ។
យើងខ្ញុំទាំងអស់គ្នាសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការម៉ឺងម៉ាត់ និងឆាប់រហ័ស លើ ពួកជ្រុលនិយមនិងហិង្សានិយម ព្រមទាំងបក្សពួក ដែលមានឧបាយកលដ៏ឧក្រិដ្ឋ ខ្មៅកខ្វក់ បំពានច្បាប់ បម្រើ មហិច្ឆតាផ្ទាល់ខ្លួន ជាន់ឈ្លីសន្តិភាព ស្ថិរភាព និងវិបុលភាព នៃប្រទេសជាតិ ដែលប្រជាជនទូទាំងប្រទេសអបអរសាទរ ហើយដែលជាសមិទ្ធផលទទួលបានដោយលំបាក តាមរយៈការធ្វើពលិកម្មដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ។
យើងខ្ញុំទាំងអស់គ្នាសូមប្តេជ្ញាចិត្តយ៉ាងមោះមុត រួមសាមគ្គី ឯកភាពជាតិ ជាមួយបងប្អូនប្រជាពលរដ្ឋទាំង អស់ដែលស្នេហាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ និងដើរតាមមាគ៌ាត្រួសត្រាយប្រកបដោយគតិបណ្ឌិត របស់ សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាស្ថាបនិកសន្តិភាពគ្មានពីររបស់ជាតិ និងដែលបានទទួល ស្គាល់ដោយអន្តរជាតិ ក្នុងការកសាងសន្តិភាព សម្រាប់មនុស្សជាតិ និងភពផែនដីទាំងមូល ៕

ដោយ ៖ វណ្ណលុក