ជម្រើសជាតិបេស្បលកម្ពុជា ២នាក់ទទួលបានឳកាសលេងឱ្យក្លឹបអាជីព លីគទី៣ របស់ជប៉ុន
(ភ្នំពេញ)៖ កីឡាករជម្រើសជាតិបេស្បលកម្ពុជាឆ្នើមៗ២នាក់ទទួលបានកិច្ចសន្យាបានក្លាយជាកីឡាករដំបូងគេ ដែលបានចូលរួមប្រកបអាជីពកីឡាបេស្បលនៅក្លឹបកម្រិតអាជីព លីគកម្រិតទី៣ នៅជប៉ុន គឺក្លឹប Saga Asia Dream របស់ក្រុមហ៊ុន NEO ASIAN JAPAN ។
នេះបើតាមការបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការចុះអនុស្សរណៈយោគយល់ និងកុងត្រានាំយកកីឡាករបេស្បលជម្រើសជាតិកម្ពុជាឆ្នើមៗ២នាក់ លេងឱ្យក្លឹប Saga Asia Dream នៅថ្ងៃសុក្រនេះ ក្រោមវត្តមានលោក ឆែម តារា ប្រធានសហព័ន្ធកីឡាបេស្បល សុហ្វបលកម្ពុជា និងលោក យូជី ហ្វូគូហារ៉ា ប្រធានក្លឹប Saga Asia Dream។ កីឡាករកម្ពុជាទាំង២នាក់នេះ គឺ ឌៀប សុខនីម និងកីឡាករ ផុន នេត្រា ដែលធ្លាប់មានបទពិសោធន៍ប្រកួតជាតិ និងអន្តរជាច្រើនក្នុងជំនាញកីឡាបេស្បល។
លោក ឆែម ដារា គូសបញ្ជាក់ថា ពេលនេះ កីឡាករជម្រើសជាតិកម្ពុជាទទួលបានឱកាសដ៏ល្អ ក្នុងការប្រកបអាជីពនៅប្រទេសជប៉ុន ដែលនេះជាការវិវឌ្ឍថ្មីមួយទៀតរបស់វិស័យកីឡាបេស្បលកម្ពុជា។ តាមរយៈការខិតខំប្រឹងប្រែងរបស់សហព័ន្ធ និងកីឡាករ បានធ្វើឱ្យយើងទទួលបានសមិទ្ធផលជាផ្លែផ្កាជាជំហាន។
លោក ឆែម តារា ចាត់ទុកថា នេះជាប្រវត្តិសាស្ត្រដែលជម្រើសជាតិកម្ពុជា២នាក់បានក្លាយជាកីឡាករអាជីព ក្នុងការចូលរួមប្រកួតកម្រិតអាជីពទី៣ នៅប្រទេសជប៉ុន។ កីឡាករ ឌៀប សុខនីម និងផុន នេត្រា បង្ហាញក្តីរីករាយជាខ្លាំង ដែលបានប្រកបអាជីពនៅប្រទេសជប៉ុន ដែលនេះជាការសម្រេចក្តីស្រមៃរបស់ខ្លួន ដែលមានបំណងប្រាថ្នាតាំងពីក្មេងៗមកនោះ៕




រូបភាព ជីម ភារ៉ា អត្ថបទ ជាវ ចន្ធូ