ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា វាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការបំពេញតួនាទីភារកិច្ច របស់ថ្នាក់ដឹកនាំ និងមន្ដ្រីទាំងអស់ចំណុះក្រសួងមហាផ្ទៃ
(ភ្នំពេញ)៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការកត់សម្គាល់ជាមួយការវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារដែលក្រសួងមហាផ្ទៃសម្រេចបាននៅឆ្នាំ២០២៤ និងកោតសរសើរចំពោះការបំពេញតួនាទីភារកិច្ចទាំងអស់របស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមន្ដ្រីទាំងអស់ចំណុះក្រសួងមហាផ្ទៃ ។
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងបែបនេះ ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ និងបូកសរុបលទ្ធផលប្រឡងប្រណាំងចលនា «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា បន្តថា ក្នុងឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានសហការជាមួយក្រសួងស្ថានប័ន្ធពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បន្តពង្រឹងការគាំទ្រ តម្រង់ទិស តាមដានវាយតម្លៃទៅលើការងារ រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាដល់រដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែមានភាពរឹងមាំ ម្ចាស់ការក្នុងការដឹកនាំ គ្រប់គ្រងអនុវត្តតួនាទីភារកិច្ចមុខងារនានាដែលបានផ្ទេរឲ្យទាំងនោះ ព្រមទាំងអាចចាត់ចែងប្រើប្រាស់ធនធានមនុស្ស ធនធានហិរញ្ញវត្ថុ សម្រាប់ផ្តល់សេវាសាធារណៈ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ដល់កម្លាំងនគរបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារសន្ដិសុខ សណ្ដាប់ធ្នាប់ ពិសេសអំពើភេរវកម្ម ដោយកន្លងទៅថ្មីៗនេះ មានហេតុការណ៍បាញ់ប្រហារ និងបាញ់រះដោយអាវុធកើតឡើងនៅក្នុងប្រទេសជិតខាងកម្ពុជា ដែលនេះជាអំពើភេរវកម្ម ដូច្នេះហើយកម្លាំងនគរបាលជាតិមិនអាចធ្វេសប្រហែសបានឡើយ ពោលត្រូវតែពង្រឹងស្មារតីទទួលខុសត្រូវខ្ពស់ជាទីបំផុត ។
សូមជម្រាបថា សន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ និងបូកសរុបលទ្ធផលប្រឡងប្រណាំងចលនា «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» បានដំណើរការរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១២-១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ៕





ដោយ / គ្រី សម្បត្តិ