ដ្រូនអ៊ុយក្រែនវាយប្រហារបំពង់ប្រេងរុស្ស៊ី យ៉ាងតំណំ
បរទេស៖ រុស្ស៊ីបាននិយាយថា ត្រូវការ ការងារច្រើន ដើម្បីស្តារបំពង់បង្ហូរប្រេង ដែលរងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក។
ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Alexander Novak បានប្រាប់ប្រធានាធិបតី ពូទីន ថា នឹងត្រូវការ “ការងារច្រើន” ដើម្បីស្ដារឡើងវិញ នូវបំពង់បង្ហូរប្រេងដ៏សំខាន់ដែលឆ្លងកាត់ភាគខាងត្បូង ប្រទេសរុស្ស៊ី។
យន្តហោះគ្មានមនុស្សបើក ផ្ទុកសារធាតុផ្ទុះ ចំនួនប្រាំពីរគ្រឿង កាលពីថ្ងៃចន្ទ បានហោះបុកស្ថានីយ៍បូមទឹកនៃសម្ព័ន្ធបំពង់ Caspian ដែលដឹកប្រេង កាហ្សាក់ស្ថាន ឆ្លងកាត់ភាគខាងត្បូង ប្រទេសរុស្ស៊ី សម្រាប់ការនាំចេញតាមសមុទ្រខ្មៅ រួមទាំង ទៅកាន់អឺរ៉ុបខាងលិចផងដែរ។
ប្រតិបត្តិករបំពង់បង្ហូរប្រេងរដ្ឋ របស់រុស្ស៊ីបាននិយាយ កាលពីថ្ងៃអង្គារថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនលើបំពង់បង្ហូរប្រេងដ៏សំខាន់ ដែលឆ្លងកាត់ភាគខាងត្បូងប្រទេសរុស្ស៊ី អាចកាត់បន្ថយបរិមាណ នាំចេញជិតមួយភាគបី ក្នុងរយៈពេល ពីរខែខាងមុខ។
Transneft ដែលជាក្រុមហ៊ុនបំពង់បង្ហូរប្រេង គ្រប់គ្រងដោយរដ្ឋ របស់រុស្ស៊ីបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា ផលវិបាកនៃការប៉ះទង្គិចនេះ នឹងដោះស្រាយបាន ក្នុងរយៈពេលមួយខែកន្លះ ទៅ ពីរខែ ដែលអាចនាំឱ្យមានការធ្លាក់ចុះនៃបរិមាណប្រេង ដែលបានបូមចេញ ពីកាហ្សាក់ស្ថាន ចំនួន៣០ភាគរយ។
បំពង់បង្ហូរប្រេងប្រវែង ១,៥០០គីឡូម៉ែត្រ នេះ ត្រូវបានគ្រប់គ្រងដោយសម្ព័ន្ធរដ្ឋាភិបាលរុស្ស៊ី និងកាហ្សាក់ស្ថាន និង មានក្រុមហ៊ុនផ្សេងទៀត៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត