សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់អំពីករណីរឿងសៀវភៅប្រវត្តិសាស្ត្រថ្នាក់ទី៦
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់អំពីករណីរឿងសៀវភៅប្រវត្តិសាស្ត្រថ្នាក់ទី៦ ដែលមានដាក់គម្របសៀវភៅស្តូបវិមានឈ្នះ ឈ្នះ ដោយសូមបងប្អូន និងអ្នកវិភាគទាំងអស់ ខិតខំស្វែងយល់ការពិត មុននឹងប្រតិកម្មតប ដែលអាចបង្កើតការយល់ច្រលំ និងមិនបានស៊ីជម្រៅជាមួយនឹងការពិតនៃប្រវត្តិសាស្ត្រកម្ពុជា។ កម្រងសៀវភៅប្រវត្តិថ្មី ដែលបានតាក់តែង និងកំពុងបង្រៀនដល់សិស្ស គឺសៀវភៅថ្នាក់ទី ៤ និយាយពីដំណាក់កាលសម័យបុរេប្រវត្តិសាស្ត្រកម្ពុជា, សៀវភៅថ្នាក់ទី៥ និយាយពីសម័យចតុមុខឆ្ពោះមកសម័យអាណានិគមនិយមបារាំង, សៀវភៅថ្នាក់ទី៦ និយាយពីសម័យសង្គមរាស្ត្រនិយម មកសម័យព្រះរាជាណាចក្របច្ចុប្បន្ន។ ការគូសបញ្ជាក់នេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងបណ្ឌិតកិត្តិយសនៃសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ចំនួន ២,៥៥១នាក់ នាព្រឹកថ្ងៃទី១៩ កុម្ភៈ ២០២៥។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកឡើងបន្ថែមលម្អិតអំពីខ្លឹមសារសំខាន់ៗ ដែលសៀវភៅប្រវត្តិសាស្ត្រថ្នាក់ទី៦ ដែលមាន ៥ជំពូករួមមាន៖ ជំពូក១ និយាយពីស្នាដៃអតីតព្រះមហាក្សត្រ ដឹងគុណព្រះបរមរតនកោដ្ឋ, ជំពូក២ ជំនាន់សាធារណរដ្ឋខ្មែរ និយាយពីការបែកបាក់ និងធ្វើរដ្ឋប្រហារ, ជំពូក៣ កម្ពុជាប្រជាធិបតេយ្យ និងវាលពិឃាត ១៩៧៥-១៩៧៩, ជំពូក៤ ការបង្កើតរបបថ្មីក្រោយពីផ្តួលរំលំប្រល័យពូជសាសន៍, ជំពូក៥ ព្រះរាជាណាចក្រកម្ពុជាថ្មី និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ អត្ថន័យនៃស្តូបវិមានឈ្នះ ឈ្នះ គឺជាសមិទ្ធផលរបស់ខ្មែរ ដែលបង្កើតឡើងឈរលើបរិបទ និងអត្ថន័យច្បាស់លាស់របស់ខ្មែរ ឈរលើ៖ ៧ជ្រុង គឺកត្តាជ័យជម្នះទាំង៧ នៃនយោបាយឈ្នះ ឈ្នះ រួមមាន ទី១/ សម្ដេចតេជោ ហ៊ុន សែន ជាមហាស្ថាបនិក និងជាអ្នកដឹកនាំបញ្ចប់សង្គ្រាម ទី២/តួនាទីរដ្ឋបាលកណ្ដាល រដ្ឋអំណាច នៅនឹងកន្លែង អតីតរដ្ឋកម្ពុជា គឺជាកម្លាំងស្នូល ទី៣/ តួអង្គដែលចូលរួមចំណែកសកម្មភាពជាប្រតិបត្តិករស្នូល ទី៤/ ការកសាងនូវជំនឿទុកចិត្ត និងការដែលមិនសងសឹកគ្នា ទី៥/ កត្តាមនោគមន៍វិជ្ជា ភាពត្រឹមត្រូវខាងនយោបាយសេដ្ឋកិច្ច សង្គម និងពាណិជ្ជកម្ម ទី៦/ កត្តាការបរទេស និងការគាំទ្រពីសហគមន៍អន្តរជាតិ និងទី៧/ ការបែកបាក់របស់ខ្មែរក្រហម៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត



