រាជរដ្ឋាភិបាល បានកំណត់ការបញ្រ្ជាបប្រេងសាំងស្តង់ដារប្រភេទ៥ (EURO 5) ជំនួសប្រេងសាំងស្តង់ដារប្រភេទ EURO 4 ទាំងស្រុក ក្នុងទីផ្សារកម្ពុជា
អត្ថបទដោយ៖
ង៉ាន់ ទិត្យ
(ភ្នំពេញ)៖ តាមរយៈសេចក្តីជូនដំណឹងលេខ ១៧១ សជណ.ដប ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ប្រទេសកម្ពុជានឹងអនុវត្តស្តង់ដារប្រេងឥន្ធនៈប្រភេទ៥ (EURO 5) ឬ ប្រេងឥន្ធនៈដែលមាន កម្រិតសារធាតុស្ពាន់ធ័រតូចជាង១០ភាគលាន (<10ppm) នៅឆ្នាំ២០២៥នេះ ដោយក្នុងនោះ ចំពោះប្រេង ម៉ាស៊ូតនឹងអនុវត្តស្តង់ដារ EURO 5 ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥តទៅ និងចំពោះប្រេងសាំង រាជរដ្ឋាភិបាល បានកំណត់រយៈពេលអន្តរកាល ៦ខែ ក្នុងការបញ្រ្ជាបប្រេងសាំងស្តង់ដារ EURO 5 ក្នុងទីផ្សារកម្ពុជា និងឈាន ទៅជំនួសប្រេងសាំងស្តង់ដារប្រភេទ EURO 4ទាំងស្រុកចាប់ពីដើមឆមាសទី២ នៃឆ្នាំ២០២៥។
ការប្រើប្រាស់ប្រេងឥន្ធនៈមានស្តង់ដារប្រភេទ៥ (EURO 5) នឹងជួយដល់ការលើកកម្ពស់គុណភាព ខ្យល់ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ក៏ដូចជាបរិស្ថាន ដូចខាងក្រោម៖
១-ជួយធ្វើឱ្យគុណភាពខ្យល់ប្រសើរឡើង៖
- កាត់បន្ថយការបញ្ចេញសារធាតុបំពុលគ្រោះថ្នាក់ ដោយសារប្រេងឥន្ធនៈស្តង់ដារ EURO 5 មានផ្ទុកស្ពាន់ធ័រ និងសារធាតុបំពុលផ្សេងៗក្នុងកម្រិតទាប ធ្វើឱ្យមានការបញ្ចេញសារធាតុបំពុល ដូចជា ឧស្ម័នស្ពាន់ធ័រឌីអុកស៊ីត (SO2) ភាគល្អិតនិចល (PM) ឧស្ម័នអាសូតអុកស៊ីត (NOx) និងឧស្ម័នកាបូនម៉ូណូអុកស៊ីត តិចតួចនៅពេលមានចំហេះនៅក្នុងម៉ាស៊ីនយានយន្ត ដែលរួមចំណែកដល់ការធ្វើឱ្យគុណភាពខ្យល់ ប្រសើរឡើង។
- កាត់បន្ថយការករកើតផ្សែងអ័ព្ទ និងភ្លៀងអាស៊ីត តាមរយៈការកាត់បន្ថយការបញ្ចញសារធាតុបំពុលខ្យល់សំខាន់ៗ ដែលអាចមានប្រតិកម្មជាមួយពន្លឺព្រះអាទិត្យបង្កើតជាផ្សែងអ័ព្ទ។ លើសពីនេះ ការកាត់បន្ថយការបញ្ចេញឧស្ម័នស្ពាន់ធ័រឌីអុកស៊ីត និងឧស្ម័នអាសូតអុកស៊ីត នឹងជួយកាត់បន្ថយភ្លៀងអាស៊ីត ដែលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី និងហេដ្ឋារចនាសម្ព័ន្ធ។
២-ជួយកាត់បន្ថយការប្រែប្រួល - កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដោយការប្រើប្រាស់ប្រេងឥន្ធនៈដែលមានគុណភាពកាត់តែខ្ពស់នឹងជួយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដូចជា ឧស្ម័នកាបូនឌីអុកស៊ីត និងកាបូនខ្មៅ (Black Carbon)។ លើសពីនេះ តាមរយៈប្រសិទ្ធភាពចំហេះរបស់ប្រេងឥន្ធនៈដែល មានស្តង់ដារខ្ពស់ ក៏នឹងជួយសន្សំសំចៃបរិមាណប្រេងដែលត្រូវប្រើប្រាស់ ធៀបនឹងប្រេងឥន្ធនៈ ដែលមានស្តង់ដារទាប។
ទោះបីយ៉ាងណាក៏ដោយ ការប្រើប្រាស់ប្រេងឥន្ធនៈមានស្តង់ដារ EURO 5 នឹងមិនគ្រប់គ្រាន់ក្នុងការកែលម្អគុណភាពខ្យល់ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុពីវិស័យដឹកជញ្ជូនបាននៅឡើយ។ ដូចនេះ ការប្រើប្រាស់ប្រេងឥន្ធនៈ EURO5 ជាមួយនឹងយានយន្តដែល មានស្តង់ដារបញ្ចេញឧស្ម័នក្នុងកម្រិតប្រហាក់ប្រហែល នឹងជួយកាត់បន្ថយការបញ្ចេញឧស្ម័នពុល ដែលនឹងជួយលើកកម្ពស់គុណភាពខ្យល់ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុកាន់តែមានប្រសិទ្ធភាព៕
ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។