សិក្ខាសាលាទិវាអភិវឌ្ឍន៍វិជ្ជាជីវៈគ្រូពេទ្យខេត្តកំពង់ធំ បង្ហាញទិសដៅពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ

កំពង់ធំ ៖មន្ទីរសុខាភិបាលខេត្តកំពង់ធំ និងក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពង់ធំ កាលពីថ្ងៃទី២១ ខែកុម្ភៈ បានរៀបចំសិក្ខាសាលាទិវាអភិវឌ្ឍន៍វិជ្ជាជីវៈគ្រូពេទ្យ ដើម្បីពង្រឹងក្រមសីលធម៌វិជ្ជាជីវៈក្រោមវត្តមានលោកវេជ្ជបណ្ឌិត ប៉ឹក គីមសាន អនុប្រធានមន្ទីរសុខាភិបាលខេត្ត, លោកវេជ្ជបណ្ឌិត ញ៉ែម ពីង ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត, សមាជិកក្រុមប្រឹក្សា, តំណាងក្រុមហ៊ុនឱសថ, និងអ្នកពាក់ព័ន្ធជាង ២០០ នាក់។ ក៏មានការចូលរួមតាមប្រព័ន្ធអនឡាញ Zoom ដោយវេជ្ជបណ្ឌិត និងគ្រូពេទ្យពី ២៥ រាជធានី-ខេត្តផងដែរ។

លោកវេជ្ជបណ្ឌិត ញ៉ែម ពីង បានរាយការណ៍សង្ខេបអំពីសកម្មភាពរបស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពង់ធំ។ ក្នុងនោះការផ្ដល់អាជ្ញាបណ្ណវិជ្ជាជីវៈជូនដល់គ្រូពេទ្យក្នុងឆ្នាំ ២០២៣ មានចំនួន ១០៥ នាក់ (ស្រី ១៦ នាក់), ឆ្នាំ ២០២៤ មាន ១០០ នាក់ (ស្រី ១២ នាក់) និងឆ្នាំ ២០២៥ ចំនួន ១៣ នាក់ (ស្រី ៣ នាក់)។

លោកវេជ្ជបណ្ឌិត ប៉ឹក គីមសាន បានបញ្ជាក់អំពីអនុសាសន៍ចម្បងៗរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងនេះ ការពង្រឹងសហប្រតិបត្តិការវិជ្ជាជីវៈ នៅទាំងថ្នាក់ជាតិ, ខេត្ត, និងមូលដ្ឋាន។អភិវឌ្ឍន៍ក្រមសីលធម៌ និងការបំពេញភារកិច្ចដោយវិន័យ។ការអនុវត្តច្បាប់ ដើម្បីធានាគុណភាព និងសុវត្ថិភាពសេវាសុខាភិបាល។
ការបណ្តុះបណ្តាលគ្រូពេទ្យ ទាំងមុន និងក្រោយការបម្រើការងារ។
ការដឹកនាំដោយស្មារតីយុត្តិធម៌ និងអភិវឌ្ឍការប្រើប្រាស់ព័ត៌មានបច្ចេកវិទ្យា។

សូមជម្រាបថា សិក្ខាសាលានេះជាការចងក្រងផែនការសម្រាប់ការវិវត្តវិជ្ជាជីវៈ និងការពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែប្រសើរ៕
ដោយ ៈប៊ុន រដ្ឋា

ads banner