ឥណ្ឌូនេស៊ីស្វែងរកទីផ្សារនាំចេញថ្មីជំនួសសហរដ្ឋអាមេរិក
ហ្សាការតា ៖ ប្រទេសឥណ្ឌូនេស៊ីកំពុងស្វែងរកទិសដៅនាំចេញថ្មី ដើម្បីកៀកចេញពីការពឹងផ្អែកលើសហរដ្ឋអាមេរិក ហើយគ្រោងនឹងពន្លឿនការចរចាពាណិជ្ជកម្ម មុនពេលការដំឡើងពន្ធថ្មីអាមេរិកមកដល់។
រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូនេស៊ី លោក អ៊ែរឡាំងហ្គា ហាតាតូ បានគូសបញ្ជាក់ថា ៨៣ភាគរយនៃពាណិជ្ជកម្មរបស់ឥណ្ឌូនេស៊ី បានសហការជាមួយប្រទេសដៃគូក្រៅពីសហរដ្ឋអាមេរិក ដូច្នេះប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀតក៏គួរតែចូលរួមដែរ។
លោករដ្ឋមន្រ្តីបន្ថែមថា បច្ចុប្បន្ននេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងស្វែងរកទីផ្សារនាំចេញថ្មីនៅអាហ្វ្រិក មជ្ឈិមបូព៌ា និងអាមេរិកឡាទីន។ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន ត្រូវបានរំពឹងថា នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ ដោយប្រើប្រាស់ឱកាសជាមួយប្លុកប្រទេស BRICS និងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។
យ៉ាងណា លោករដ្ឋមន្រ្តីនៅតែមានសុទិដ្ឋិនិយមថា ឥណ្ឌូនេស៊ីនឹងបន្តធ្វើពាណិជ្ជកម្មសកលជាមួយប្រទេសផ្សេងៗ ហើយឈរនៅទីតាំងល្អដែលអាចទប់ទល់នឹងសម្ពាធពីខាងក្រៅ ដោយសារភាពធន់នឹងទីផ្សារក្នុងស្រុកដ៏រឹងមាំរបស់ខ្លួន។
បើតាមសេចក្តីរាយការណ៍របស់កាសែតរ៉យទ័រ ទិន្នន័យផ្លូវការបានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីបានកើនឡើង ៥.០៣ភាគរយក្នុងឆ្នាំ ២០២៤ ដែលប្រហាក់ប្រហែលនឹងអត្រាកាលពីឆ្នាំមុន និងស្របតាមការរំពឹងទុក ប៉ុន្តែល្បឿនគឺយឺតបំផុតក្នុងរយៈពេលបីឆ្នាំ ដែលជំរុញឱ្យចាត់វិធានការជំរុញបន្ថែមទៀត។
កំណើនសេដ្ឋកិច្ចឥណ្ឌូនេស៊ីនៅតែអាចរក្សាបាន ៥ភាគរយ ចាប់តាំងពីផ្ទុះជំងឺរាតត្បាត COVID-19 ដែលនេះជាតួលេខដ៏រឹងមាំមួយ ប៉ុន្តែវាឆ្ងាយពីគោលដៅរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីថ្មី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ ដែលត្រូវការ ៨ភាគរយក្នុងអាណត្តិរបស់គាត់រហូតដល់ឆ្នាំ ២០២៩៕
ប្រភព ៖ ស៊ីនហួរ និងរ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា
