ឡាវជំរុញបង្កើនជំនាញពលរដ្ឋ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ
វៀងចន្ទន៍ ៖ នាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន បានសង្កត់ធ្ងន់លើតម្រូវការបង្កើនជំនាញដល់កម្លាំងពលកម្មក្នុងស្រុកបន្ថែមទៀត ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិដែលកំពុងរីកចម្រើន។
នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃវិស័យការងារ និងសុខុមាលភាពសង្គម លោក សនសៃ បានលើកឡើងពីការពង្រឹង និងលើកកម្ពស់ជំនាញដល់កម្លាំងពលកម្ម និងបានអំពាវនាវឱ្យមានការកែលម្អគ្រប់វិស័យ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងការងារ និងសុខុមាលភាពសង្គមឡាវ កាលពីថ្ងៃសុក្រ។
ក្នុងអំឡុងកិច្ចប្រជុំនោះ លោក សនសៃ ក៏បានទទូចឱ្យមានប្រព័ន្ធការពារសង្គមកាន់តែរឹងមាំ រួមទាំងកម្មវិធីធានារ៉ាប់រងសង្គម និងសុខុមាលភាពកាន់តែមានប្រសិទ្ធភាព ជាពិសេសសម្រាប់ក្រុមនយោជិកជួបការលំបាក និងកម្មករក្រៅផ្លូវការ។
ក្នុងឆ្នាំ ២០២៤ ក្រសួងការងារ និងសុខុមាលភាពសង្គមឡាវ បានផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលចំនួន ៣៤.៣២៤នាក់ ក្នុងនោះស្ត្រីចំនួន ១៥.០១៥នាក់ និងបានជួយមនុស្សចំនួន ១២៤.៥៣៩នាក់ទទួលបានការងារធ្វើទាំងទីផ្សារក្នុងស្រុក និងក្រៅប្រទេស៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា