អាជ្ញាធរខេត្តសៀមរាប ស្នើឲ្យពលរដ្ឋឈប់ហូបសាច់សត្វសុនខ(ឆ្កែ)

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ បន្ទាប់ពីមេរោគកូវីដ១៩ បន្តកើតឡើង នៅលើពិភពលោក ហើយអង្គការសុខភាពសត្វពិភពលោក បានស្នើឲ្យអ្នកនិយមបរិភោគសាច់សត្វសុនខ(ឆ្កែ)សូមផ្អាកនិងកាត់បន្ថយ ព្រោះអាចប៉ះពាល់ដល់សុខភាព។ក្នុងនោះអាជ្ញាធរខេត្តសៀមរាប ក៏បានគាំទ្រ និងដើម្បីលើកស្ទួយមុខមាត់ខេត្តបេះដូងទេសចរណ៍សៀមរាបអង្គរផងដែរ។ ពលរដ្ឋ និងមន្ត្រីរាជការមួយចំនួននៅក្នុងខេត្តសៀមរាប បានសាទរទៅនឹងចំណាត់ការរបស់អាជ្ញាធរខេត្តសៀមរាប ដែលលើកយកច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ យកមកប្រើ ពោលគឺ ហាមឃាត់ក្រុមឈ្មញនានាមិនឲ្យធ្វើអាជីវកម្មទិញ-លក់-ពិឃាតសត្វសុនខ(ឆ្កែ)តទៅទៀត។

លោក ព្រំ វ៉ិច ប្រធានការិយាល័យ បសុពេទ្យ នៃមន្ទីរកសិកម្មនិងរុក្ខាប្រម៉ាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងនាព្រឹកថ្ងៃទី០៨នេះថា ដោយយោងតាម៖កិច្ចប្រជុំ និងទទួលការណែនាំពីគណៈអភិបាលខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍វប្បធម៌ ធម្មជាតិ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាប្រាង្គប្រាសាទ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់គ្មានពីរលើលោកយើងនេះ។ តាំងពីបុរាណកាលរៀងមក សត្វសុនខ(ឆ្កែ) ត្រូវបានប្រជាជនទូទាំងពិភពលោក ជាពិសេសប្រជាជន ខ្មែរយើងចាត់ទុកជាសត្វចិញ្ចឹមដ៏ស្មោះត្រង់របស់មនុស្ស ហើយសត្វសុនខ នេះមានគុណតម្លៃណាស់សម្រាប់ការពារផ្ទះ ចំការ ហ្វូងសត្វ ជួយក្នុងវិស័យយោធាបានល្អទៀតផង….។

លោកបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះការធ្វើអាជីវកម្ម លក់ ទិញ ពិឃាតសត្វសុនខ(ឆ្កែ) ដើម្បីធ្វើជាម្ហូបអាហារមានភាពអាណាធិបតេយ្យ និងកើនឡើងគួរឲ្យព្រួយបារម្ភ។ នេះ គឺជាសញ្ញាមួយបង្ហាញថា មានការធ្លាក់ចុះនូវតម្លៃមនុស្សធម៌ គុណធម៌ ព្រមទាំងធ្វើឲ្យមានការឆ្លងរាលដាលជម្ងឺឆ្កែឆ្កួត និងជម្ងឺផ្សេង ជាច្រើនទៀតពីតំបន់មួយទៅតំបន់មួយ ដែលអាចប៉ះពាល់ដល់សុខភាពសាធារណៈ នេះបើយោងតាមការស្រាវជ្រាវរបស់អង្គការសុខភាពសត្វពិភពលោក (OIE)និងអង្គការហ្វរ ផរ ( Four Paw) ។

លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី០៨នេះថា ការដើរទាក់លក់-ទិញ និងពិឃាតសត្វអាណាធិបតេយ្យ គ្មានច្បាប់ទម្លាប់ ផ្ទុយនឹងខ្លឹមសារនៃច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលនឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរ តាមមាត្រា១១២ ,១១៣ , ១១៥ នៃច្បាប់នេះ ។ អាស្រ័យហេតុនេះ មន្ទីរកសិកម្ម  រុក្ខាប្រម៉ាញ់ និងនេសាទខេត្តសៀមរាប ហាមឃាត់ការធ្វើអាជីវកម្មទិញ-លក់ សម្រាប់ពិឃាតសត្វសុនខគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត។លោកបន្តថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានសង្ឃឹមយ៉ាងមុតមាំថា បងប្អូនអាជីវករទិញ-លក់ ពិឃាតសត្វសុនខ (ឆ្កែ)ទាំងអស់ និងសាធារណៈជននឹងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹង នេះឲ្យមានប្រសិទ្ធិភាពខ្ពស់ចាប់ថ្ងៃជូនដំណឹងនេះតទៅ។

ជុំវិញករណីនេះដែរ លោក ង៉ាន់ ភារុណ អភិបាលរងខេត្តសៀមរាប ក៏បានឲ្យដឹងនៅព្រឹកថ្ងៃទី០៨នេះថា ដោយទទួលបានការណែនាំពីគណៈអភិបាលខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍វប្បធម៌ ធម្មជាតិ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាប្រាង្គប្រាសាទ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់គ្មានពីរលើលោកយើងនេះ។ រដ្ឋបាលខេត្ត និងអង្គការសុខភាព ពិភពលោក បានជួបប្រជុំគ្នា ដើម្បីលើកទិសដៅគិតគូដល់សុខភាពរបស់បងប្អូនជនរួមជាតិ និងជាក់ស្តែងមេរោគកូវីដ១៩ បន្តកើតឡើងនៅលើពិភពលោកហើយនៅប្រទេសចិនគេក៏បានហាមមិនឲ្យពលេរដ្ឋហូបដែរ។

លោកបានសំណូមពរឲ្យបងប្អូនឈប់ហូបសាច់សុនខ(ឆ្កែ)តទៅទៀត ព្រោះអាជ្ញាធរមើលឃើញថា ការហូបសាច់សុនខ(ឆ្កែ) អាចប្រឈម និងសុខភាព ដោយសារការធ្វើពិឃាត មិនមានអនាម័យ។ ជាការពិតណាស់សត្វសុនខ(ឆ្កែ)ត្រូវបានពលរដ្ឋខ្មែរមួយចំនួនធំនិយមចិញ្ចឹម និងអាណិតស្រលាញ់យ៉ាងខ្លាំង ព្រោះវាបានរួមចំណែកការពារទ្រព្យសម្បត្តិក្នុងផ្ទះផងដែរ។ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ ត្រូវបានគេនាំគ្នាពិឃាតយកទៅធ្វើជាអាហារយ៉ាងត្រេកត្រអាល។ ពេលខ្លះហូបទាំងមិនខ្វល់ពីសុខភាពទៀតផង ព្រោះការពិឃាតមួយចំនួនធំនៅតាមហាង និងតាមផ្ទះគឺគ្មានច្បាប់ និងគ្មានអនាម័យ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner