អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរដែនដី ចុះពិនិត្យមើលស្ថានីយបូមទឹកលូប្រាំ និងប្រឡាយបង្ហូរទឹកលូប្រាំ
ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេងបានបញ្ជាក់ថា ប្រឡាយបង្ហូរទឹកមានសារៈប្រយោជន៍យ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋទូទៅ ដោយសម្រាប់ប្រជាពលរដ្ឋដែលរស់នៅជនបទ ប្រកបមុខរបរធ្វើស្រែចំការ ប្រឡាយទឹកនេះហើយ ជាអ្នកផ្ដល់ទឹកឲ្យប្រជាពលរដ្ឋស្រោចស្រពស្រែ ចម្ការ ផលដំណាំផ្សេងៗ ។ តែសម្រាប់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញវិញ ប្រឡាយបង្ហូរទឹកក៏មានសារៈសំខាន់ ខ្លាំងណាស់ដែរ ដោយវាអាចរំដោះទឹកលិចលង់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីក្រុងបានយ៉ាងប្រសើរ។
ការបញ្ជាក់បែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ខណៈដែរ ឯកឧត្តម បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរដែនដី ចុះពិនិត្យមើលស្ថានីយបូមទឹកលូប្រាំ និងប្រឡាយបង្ហូរទឹកលូប្រាំ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធអាជ្ញាធរដែនដី កំណត់ឲ្យបានច្បាស់ ពីដី សាធារណៈរបស់រដ្ឋ និងដីជាកម្មសិទ្ធិ របស់ប្រជាពលរដ្ឋខណៈដែរប្រឡាយខាងលើ ត្រូវបានប្រជាពលរដ្ឋមួយចំនួនសង់លំនៅដ្ឋាន រំលោភនៅលើប្រឡាយជាមួយនឹងការចាក់ដីបំពេញប្រឡាយ រំលោភយកជាកម្មសិទ្ធិផងដែរនោះ។
ឯកឧត្តម បញ្ជាក់ផងដែរថា ជាជំហររបស់រដ្ឋបាលរាជធានីភ្នំពេញ យើងនឹងបង្កើតឲ្យមានក្រុមការងារ មួយដែលមានការចូលរួមពីការិយាល័យសូរិយោដីខណ្ឌ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដើម្បីចុះបាញ់ថ្នាំកំណត់ទីតាំងឱ្យបានច្បាស់នឹងធ្វើការណែនាំប្រជាពលរដ្ឋ ដែលរំលោភប្រឡាយខាងលើអោយរុះរើចេញ។
បើតាមការបញ្ជាក់ទីអាជ្ញាធរមូលដ្ឋានថា ប្រឡាយលូប្រាំនេះមានទទឹង៥០ម៉ែត្រ ដោយទុកផ្លូវសងខាង ហើយត្រូវបានប្រជាពលរដ្ឋរំលោភយកចំនួនជាង១០០គ្រួសារ ដោយក្នុងនោះ នៅភូមិឬស្សី១សង្កាត់ស្ទឹងមានជ័យ៣ ចំនួន៣៥គ្រួសារ និងភូមិឬស្សី ២ចំនួន៧៦គ្រួសារ ។ ពួកគាត់ទាំងនេះបានសង់លំនៅដ្ឋានរំលោភនៅលើតួប្រឡាយតែម្ដង។
គួរបញ្ជាក់ថា ស្ថានីយបូមទឹកលូ៥ មានទីតាំងស្ថិតនៅចំណុចមុំបី ចំណុចប្រសព្វ៣ខណ្ឌ គឺខណ្ឌមានជ័យ ពោធិ៍សែនជ័យ និងខណ្ឌដង្កោ។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកជំនន់ទឹកភ្លៀង ចេញពីតំបន់ជាច្រើននៅក្នុងខណ្ឌទាំង៣នេះតែម្តង។ ស្ថានីយបូមទឹកលូ៥នេះ គឺជាទីតាំងយុទ្ធសាស្ត្រមួយ ក្នុងការបូមទឹកចេញពីតំបន់ខាងកើតព្រលានយន្តហោះ តំបន់ចោមចៅ តំបន់ត្រពាំងថ្លឹង ភូមិគោកបញ្ជាន់ តំបន់ផ្សារស៊ិនជូរីផ្លាហ្សា តំបន់ថ្មគោល ផ្លូវ២០០៤ និងមួយផ្នែកទៀតពីសង្កាត់ទឹកថ្លា ខាងត្បូងមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានទំហំផ្ទៃរងទឹកភ្លៀងរហូតដល់១០២៨ហិកតា។
ស្ថានីយបូមទឹកលូ៥ សាងសង់ឡើងជាអគារថ្មី មានបណ្តោយ១៨,៩ម៉ែត្រ ទទឹង ១០,៩ម៉ែត្រ បំពាក់បំពង់ បូមទឹក៤គ្រឿង ក្នុងនោះ បំពង់ មុខកាត់៨តឹក ២គ្រឿង និងបំពង់មុខកាត់១ម៉ែត្រចំនួន២គ្រឿង ដែលអាចមានសមត្ថិភាពបូមទឹកបាន៥ម៉ែត្រគុប ក្នុងមួយវិនាទី និងស្មើនិង២៨៨០០ម៉ែត្រគុបក្នុង១ម៉ោង។ ប្រឡាយនេះនាំទឹកហូរទៅប្រឡាយម័រ បន្តទៅជើងឯក និងបន្តទៅស្ទឹងជ្រៅ ខេត្តកណ្តាលទើបហូរចូលទន្លេ៕