លោក ដូណាល់ ត្រាំ ជំរុញឱ្យថ្នាក់ដឹកនាំរដ្ឋ និងតំបន់បើកសាលារៀនឡើងវិញនៅរដូវស្លឹកឈើជ្រុះ
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចាប់ផ្តើមខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីជំរុញឱ្យថ្នាក់ដឹកនាំរដ្ឋ និងមន្រ្តីមូលដ្ឋានបើកសាលារៀនឡើងវិញនារដូវស្លឹកឈើជ្រុះនេះ ហើយថា ការបន្តបិទសាលា មិនមែនព្រួយបារម្ភពីហានិភ័យនៃការឆ្លងរាតត្បាតជម្ងឺ COVID-19 នោះទេ ប៉ុន្តែគឺវាស្ថិតក្រោមហេតុផលនយោបាយ នេះបើតាមសារព័ត៌មាន AP នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ។
ពួកគេគិតថា វាគឺជារឿងល្អសម្រាប់នយោបាយរបស់ពួកគេ ដូច្នេះពួកគេនៅតែបន្តបិទសាលារៀន… គ្មានផ្លូវទេ… ពួកយើងនឹងដាក់សម្ពាធឱ្យអភិបាលរដ្ឋ និងអ្នកទាំងឡាយផ្សេងទៀតបើកសាលារៀនឡើងវិញ នេះបើតាមលោក លោក ដូណាល់ ត្រាំ ថ្លែងនៅថ្ងៃអង្គារម្សិលមិញ នៅឯសេតវិមាន អំឡុងកិច្ចពិភាក្សាស្តីពីផែនការបើកសាលារៀនឡើងវិញនារដូវស្លឹកឈើជ្រុះ ។
សូមបញ្ជាក់ថា តុមូលរបស់សេតវិមានបានប្រមូលថ្នាក់ដឹកនាំផ្នែកសុខភាព និង ការអប់រំមកពីទូទាំងប្រទេស ដែលបាននិយាយថា សាលារៀន និងមហាវិទ្យាល័យត្រៀមខ្លួនបើកនារដូវស្លឹកឈើជ្រុះនេះ ហើយអាចធ្វើបានដោយសុវត្ថិភាព ។ ពួកគេបានអះអាងថា ហានិភ័យនៃការរក្សាសិស្សនៅឯផ្ទះ មានច្រើនជាងហានិភ័យ ដែលទាក់ទងទៅនឹងជំងឺឆ្លង ហើយថា សិស្ស-និស្សិតត្រូវការការទទួលបានកម្មវិធីអាហារ និងសេវាកម្មសុខភាពផ្លូវចិត្ត និងអាកប្បកិរិយា ៕