សហរដ្ឋអាម៉េរិកផ្ដល់ប្រាក់១.៦ពាន់លានដុល្លារ ដល់ក្រុមហ៊ុន Novavax ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19
សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលអាម៉េរិកបានចុះកិច្ចសន្យាផ្ដល់ប្រាក់ចំនួន១.៦ពាន់លានដុល្លារ ដល់ក្រុមហ៊ុនជីវបច្ចេកវិទ្យាអាម៉េរិក ណូវ៉ាវ៉ាក់ អាយអិនស៊ី (Novavax, Inc.) ឲ្យអភិវឌ្ឍ និងផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ។
ការចុះកិច្ចសន្យាផ្ដល់ប្រាក់អភិវឌ្ឍ និងផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់ក្រុមហ៊ុនដែលមានទីស្នាក់ការនៅរដ្ឋ ម៉ារីលែន នេះ គឺជាគំនិតផ្ដួចផ្ដើមធំបំផុតរបស់រដ្ឋាភិបាលអាម៉េរិក ដែលស្ថិតនៅក្រោមគម្រោងប្រតិបត្តិការ អប់ភើរ៉េសិន វ៉េប ស្ពីត (Operation Warp Speed) ។ ទន្ទឹមគ្នា នាយកប្រតិបត្តិក្រុមហ៊ុន ណូវ៉ាវ៉ាក់ លោក ស្ទែនលី អ៊ែក បានបញ្ជាក់ថា ផែនការនេះ នឹងចាប់ផ្ដើមចែកចាយវ៉ាក់សាំងចំនួន១០០លានដូល្លារនៅក្នុងត្រីមាសទីបួនឆ្នាំ២០២០ ហើយថា គម្រោងនេះប្រហែលជានឹងបញ្ចប់នៅខែមករា ឬខែកុម្ភៈឆ្នាំក្រោយ ។
សូមបញ្ជាក់ថា កិច្ចសន្យាខាងលើនេះត្រូវបានធ្វើឡើងខណៈដែលករណីឆ្លងជំងឺ COVID-19 កំពុងតែកើនឡើងនៅក្នុងសហរដ្ឋអាម៉េរិក ហើយសហរដ្ឋអាម៉េរិកក៏ជាប្រទេសដែលមានករណីឆ្លង និងស្លាប់ដោយសារវីរុសនេះច្រើនជាងគេបំផុតនៅក្នុងពិភពលោកផងដែរ។ កំណើនករណីឆ្លងបានធ្វើឲ្យបណ្ដារដ្ឋ និងទីក្រុងមួយចំនួនដាក់វិធានបិទសកម្មភាពសង្គមជាថ្មីទៀត ៕