មន្រ្តីជាន់ខ្ពស់ WHO និយាយថា មានភស្តុតាងបញ្ជាក់ពីការចម្លងវីរុសកូរ៉ូណាទៅមនុស្សតាមខ្យល់ ប៉ុន្តែមិនទាន់មានភាពប្រាកដប្រជាទាំងសុ្រងឡើយ

អត្ថបទដោយ៖
Kien Sereyvuth

ស្វីស៖ ប្រធានបច្ចេកទេសទទួលបន្ទុកគ្រប់គ្រងការចម្លងវីរុសរបស់អង្គការសុខភាពពិភពលោក WHO លោកស្រី ប៊េណេដេតថា អាល់លីហ្គ្រែនហ្ស៊ី បានគូសបញ្ជាក់ថា វាពិតជាមានភស្ដុតាងបញ្ជាក់ពីការចម្លងវីរុសកូរ៉ូណាថ្មីទៅមនុស្សតាមខ្យល់… ប៉ុន្តែភស្ដុតាងនេះ មិនទាន់មានភាពប្រាកដប្រជាទាំងស្រុងឡើយ ដោយវាតម្រូវឱ្យមានការប្រមូលព័ត៌មាន និងការបកស្រាយបន្ថែមឱ្យបានច្បាស់ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ។

ការលើកឡើងខាងលើនេះរបស់លោកស្រី ប៊េណេដេតថា អាល់លីហ្គ្រែនហ្ស៊ី បានកើតមានឡើងបន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ត្រ២៣៩នាក់ មកពីប្រទេសចំនួន ៣២ បានបញ្ជាក់ជាថ្មីថា ពួកគេមានភស្ដុតាងដែលអាចបង្ហាញបានថា វីរុសកូរ៉ូណាថ្មីអាចចម្លងទៅមនុស្សតាមខ្យល់ ពោលគឺនៅពេលមនុស្សស្រូបវីរុសនេះចូល ក្នុងខ្លួន ។

ស្របពេលជាមួយគ្នានោះដែរ ក្រុមអ្នកវិទ្យាសាស្ត្រទាំងនេះ ក៏បានអំពាវនាវឱ្យ អង្គការសុខភាពពិភពលោក WHO ត្រួតពិនិត្យឡើងវិញនូវអនុសាសន៍ និងការណែនំារបស់ខ្លួនកាលពីពេលមុនផងដែរ ពាក់ព័ន្ធនឹងការចម្លងជំងឺ រាតត្បាតសកលដ៏កាចសាហាវមួយនេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner