ទីបំផុតសហរដ្ឋអាម៉េរិកដកខ្លួនជាផ្លូវការចេញពីអង្គការសុខភាពពិភពលោក WHO

សហរដ្ឋអាម៉េរិក៖ អង្គការសហប្រជាជាតិបានអះអាងថា សហរដ្ឋអាម៉េរិកបានសម្រេចចិត្តដកខ្លួនចេញពីអង្គការសុខភាពពិភពលោក WHO ហើយ ខណៈដែលករណីឆ្លងជម្ងឺ COVID-19 នៅសហរដ្ឋអាម៉េរិកកើនឡើងជាង៣លានករណី នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ។

រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានជូនដំណឹងជាផ្លូវការដល់អង្គការសហប្រជាជាតិអំពីការដកខ្លួនរបស់សហរដ្ឋអាម៉េរិក ចេញពីអង្គការសុខភាពពិភពលោក WHO បើទោះបីជាការដកខ្លួនចេញនេះ នឹងមិនមានប្រសិទ្ធិភាពរហូតទាល់តែឆ្នាំក្រោយ ដែលនេះមានន័យថា ការដកខ្លួនខាងលើ អាចត្រូវបានដកហូតវិញក្រោមរដ្ឋបាលថ្មី ឬប្រសិនបើកាលៈទេសៈផ្លាស់ប្តូរ ។

សូមរំលឹកផងដែរថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កន្លងមក បានវាយប្រហារខ្លាំងៗលើអង្គការ WHO ដោយលោកបានហៅអង្គការអន្តរជាតិមួយនេះថា ជា «អាយ៉ង» របស់ចិន និងថែមទាំងបានបញ្ជាក់ថា លោកកំពុងតែពិចារណាលើការកាត់បន្ថយ ឬលុបចោលការគាំទ្រទៅលើអង្គការមួយនេះទាំង ស្រុង ។

ពាក់ព័ន្ធការផ្តល់ហិរញ្ញវត្ថុឲ្យអង្គការ WHO គឺសហរដ្ឋអាម៉េរិកជាអ្នកបរិច្ចាគធំជាងគេបង្អស់ ដោយមួយឆ្នាំៗអាម៉េរិកចំណាយខ្ទង់៤០០លានដុល្លារសម្រាប់ WHO គិតទាំងការផ្តល់ឲ្យលក្ខណៈកាតព្វកិច្ច និងស្ម័គ្រចិត្ត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner