ប្រតិភូខេត្តលាវនីងរបស់ចិន គ្រោងវិនិយោគបង្កើតទីក្រុងសម្ព័ន្ធភាព និងសួនឧស្សាហកម្ម នៅក្នុងខេត្តព្រះសីហនុ
ប្រតិភូខេត្តលាវនីងរបស់ចិន គ្រោងវិនិយោគបង្កើតទីក្រុងសម្ព័ន្ធភាព និងសួនឧស្សាហកម្ម នៅក្នុងខេត្តព្រះសីហនុ។ គម្រោងវិនិយោគនោះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ និងលេខាបក្សកុម្មុយនីស្តខេត្តលាវនីង លោក ជិន គួយហ្វា (Chen Qiufa) នៅល្ងាចថ្ងៃទី២៤មេសាម្សិលមិញនៅរាជធានីភ្នំពេញ។
លោក ជិន គួយហ្វា បានជម្រាបជូនលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ អំពីកំណើនសេដ្ឋកិច្ច និងសក្តានុពលសំខាន់ៗរបស់ខេត្តលាវនីង ព្រមទាំងគម្រោងសាងសង់ទីក្រុងសម្ព័ន្ធភាព (Sister City) ខេត្តលាវនីង និងខេត្តព្រះសីហនុ រួមមានទាំងសួនឧស្សាហកម្មកម្ពុជា-លាវនីង (Liaoning-Cambodia Industrial Park) ដែលអាចនាំមកនូវអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីកម្ពុជានិងចិន។ លោក ជិន គួយហ្វា បានស្នើសុំ លោករដ្ឋមន្ត្រី ធ្វើការគាំទ្រគម្រោងវិនិយោគនោះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងខេត្តលាវនីង នៃប្រទេសចិន និងខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា ស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ របស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្តែងការគាំទ្រចំពោះសំណើរបស់លោក ជិន គួយហ្វា និងបានសន្យាជួយសម្របសម្រួលគម្រោងវិនិយោគរបស់ខេត្តលាវនីង ឱ្យលេចរូបរាងឡើងប្រាកដនាពេលអនាគត ដើម្បីបង្កើតឱកាសការងារ និងប្រាក់ចំណូលបន្ថែម ជូនប្រជាជន ជាពិសេសជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ ឱ្យកាន់តែមានវឌ្ឍនភាពខ្ពស់ថែមទៀត។
លោករដ្ឋមន្ត្រី ក៏បានស្នើសុំ លោក ជិន គួយហ្វា និងប្រតិភូ ធ្វើការវិនិយោគសាងសង់ឡសម្ងួត ដើម្បីរក្សាទុកកសិផលខ្មែរ សម្រាប់ផ្គត់ផ្គង់ ទីផ្សារក្នុងស្រុក និងបម្រើឧស្សាហកម្មកែច្នៃម្ហូបអាហារ សំដៅនាំចេញទៅកាន់ប្រទេសចិន និងទីផ្សារអន្តរជាតិ ដោយសារតែកម្ពុជា គឺជាប្រទេសកសិកម្មដែលសម្បូរដោយភោគផល ធម្មជាតិមានដូចជា ស្រូវ ស្វាយ ចេក ពោត ផ្លែមាន និងដំឡូងមី ជាដើម។ លោករដ្ឋមន្ត្រីក៏បានស្នើលោកលេខាបក្សខេត្តលាវនីង ជួយគាំទ្រកម្ពុជា ក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនៅខេត្តលាវនីង និងការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ ព្រមទាំងវេទិកាធុរកិច្ច និងវិនិយោគផ្សេងៗ ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តលាវនីងផងដែរ៕ធ.ដ