តុលាការផ្ដន្ទាទោសស្ត្រីវៀតណាម ដាក់ពន្ធនាគាររយៈពេល៣០ឆ្នាំ រឿងដឹកគ្រឿងញៀនជិត២គីឡូក្រាមពីកម្ពុជាទៅអូស្ត្រាលី

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ដូចការគ្រោងទុក លោក ឃុន សូណា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ បានសម្រេចប្រកាសសាលក្រមលើសំណុំរឿងស្ត្រីវៀតណាមដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ដោយសម្រេចផ្ដន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារកំណត់រយៈពេល៣០ឆ្នាំ និងពិន័យជាប្រាក់ចំនួន៨០លានរៀល ចូលជាថវិការដ្ឋ ។ 

សំណុំរឿងនេះមានជនជាប់ចោទឈ្មោះ Tran Ve Thy ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិអូស្ត្រាលី ត្រូវតុលាការចោទប្រកាន់ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ យោងតាមមាត្រា ៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

នៅក្នុងសវនាការ ជនជាប់ចោទឈ្មោះ Tran Ve Thy សារភាពថានាងពិតជាបានយកគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ទម្ងន់១,៧៥៥.៥០ក្រាម (ជិត២គីឡូក្រាម) ដាក់ក្នុងវ៉ាលិសពណ៌ក្រហមបម្រុងនឹងដឹកចេញពីប្រទេសកម្ពុជាទៅប្រទេសអូស្ត្រាលីមែន។ ជនជាប់ចោទបន្តថា ដោយសារនាងជំពាក់លុយឈ្មោះ ចាង ពេលលេងល្បែងក្នុងកាស៊ីណូក្នុងប្រទេសអូស្ត្រាលី ចំនួន៥០០០ដុល្លារ និងគ្មានលុយសងទើបឈ្មោះ ចាង បានប្រើឲ្យខ្លួនមកប្រទេសកម្ពុជាដើម្បីទទួលគ្រឿងញៀន ដោយឲ្យលុយថ្លៃសេវាចំនួន១ម៉ឺនដុល្លារ។ ជនជាប់ចោទថា នៅពេលមកដល់ប្រទេសកម្ពុជា នាងបានទៅជួបបុរសជនជាតិវៀតណាមពីរនាក់នៅក្បែរកាស៊ីណូណាហ្គាវើលក្នុងខណ្ឌដូនពេញ។ បន្ទាប់មកបុរសជនជាតិវៀតណាមទាំងពីរនាក់បានយកគ្រឿងញៀនទៅឲ្យនាងដល់បន្ទប់ដែលនាងស្នាក់នៅក្នុងសណ្ឋាគារ ដាយមិនផាលេស ដោយពួកគេបានវេចខ្ចប់ និងដាក់គ្រឿងញៀននៅក្នុងវ៉ាលិសក្រហមរួចស្រេចហើយដើម្បីឲ្យនាងយកទៅប្រគល់ឲ្យឈ្មោះ ចាង នៅប្រទេសអូស្ត្រាលី។

គួររម្លឹកថា កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ច្រកទ្វាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សហការជាមួយកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានឃាត់ខ្លួនស្ត្រីជាជនជាប់ចោទខាងលើកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ ខណៈដែលនាងបម្រុងនឹងដឹកគ្រឿងញៀនខាងលើចេញទៅប្រទេសអូស្ត្រាលី ប៉ុន្តែត្រូវមន្ត្រីជំនាញត្រួតពិនិត្យឃើញនៅក្នុងវ៉ាលិស៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner