ឯកឧត្តម ប៉ាន សូរស័ក្តិ គាំទ្រការបង្កើតព្រឹត្តិការណ៍ពាណិជ្ជកម្មរបស់ជេត្រូ ជាមួយផ្សារទំនើបអ៊ីអន ដើម្បីជំរុញការនាំចេញផលិតផលខ្មែរ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានបង្ហាញការគាំទ្រចំពោះគម្រោងបង្កើតព្រឹត្តិការណ៍ពិព័រណ៌ពាណិជ្ជកម្ម និងជំនួបធុរកិច្ច របស់អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នៅក្នុងផ្សារទំនើបអ៊ីអន (AEON) រាជធានីភ្នំពេញ នាដើមខែតុលាខាងមុខ ដើម្បីជំរុញការផ្សព្វផ្សាយផលិតផលខ្មែរ និងទាក់ទាញការវិនិយោគបន្ថែមពីប្រទេសជប៉ុន។ ការគាំទ្ររបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយលោក មីយ៉ាវ ម៉ាសាហ៊ីរូ (Miyao Masahiro) ប្រធានអង្គការ JETRO នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីវេលាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ដើម្បីពង្រឹង និងពង្រីកកិច្ចប្រតិបត្តិសហការវិស័យពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា និងជប៉ុន។
នៅក្នុងកិច្ចពិភាក្សា ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើប្រធានអង្គការ JETRO ជួយសិក្សាអំពីលទ្ធភាពកែច្នៃ និងអភិវឌ្ឍន៍ផលិតផលខ្មែរ នៅតាមបណ្តារាជធានីខេត្តក្នុងប្រទេសកម្ពុជា និងប្រមូលផលិតផលដែលមានសក្តានុពលទាំងអស់ ធ្វើការដាក់លក់ និងបង្ហាញជូនសាធារណជន ក៏ដូចជាវិនិយោគិនជប៉ុន នៅក្នុងផ្សារទំនើប AEON ទាំងពីរសាខា ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) ដើម្បីពង្រីកវត្តមានផលិតផលខ្មែរនៅលើទីផ្សារអន្តរជាតិ ស្របតាមនិន្នាការពិភពលោក និងបានស្នើប្រធានអង្គការ JETRO ធ្វើការសហការជាមួយផ្សារទំនើប AEON ដើម្បីជាបង្កើតវេទិកា ឬកម្មវិធីដោះដូរទំនិញតាមប្រព័ន្ធអ៊ិនធើណិត ក៏ដូចជាបញ្ជរលក់ និងចែកចាយផលិតផលខ្មែរ ទៅកាន់អតិជនគោលដៅឱ្យបានទូលំទូលាយ។
ជាការឆ្លើយតប លោក មីយ៉ាវ ម៉ាសាហ៊ីរូ បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានចែករំលែកនូវព័ត៌មានសំខាន់ៗ និងបានតែងគាំទ្រប្រតិបត្តិការរបស់អង្គការ JETRO នៅកម្ពុជា រយៈពេលជាង ៩ឆ្នាំនេះ។ លោកប្រធានអង្គការ JETRO រូបនេះ បានសន្យាដឹកនាំនិយោគិនជប៉ុន ចូលរួមព្រឹត្តិការណ៍ភូមិ១ ផលិតផល១ របស់កម្ពុជា និងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម និងជំនួបធុរកិច្ច នៅផ្សារទំនើប AEON ដើម្បីស្វែងយល់អំពីសក្តានុពលផលិតផលខ្មែរ និងឱកាសធ្វើធុរកិច្ចនៅកម្ពុជា។
បន្ថែមលើនេះ លោក មីយ៉ាវ ម៉ាសាហ៊ីរូ ក៏បានស្នើសុំ ឯកឧត្តមរដ្ឋមន្ត្រី ធ្វើវិសោធនកម្មអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងអង្គការ JETRO និងក្រសួងពាណិជ្ជកម្មឡើងវិញ ដោយបញ្ចូលបន្ថែមនូវផែនការអាជីវកម្មថ្មីៗ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ៕ធ.ដ