តម្លៃប្រេងឡើងថ្លៃខ្លាំងក្នុងរយៈពេល៦ខែមកនេះ ស្របពេលដែលសហរដ្ឋអាម៉េរិក ទទូចឲ្យប្រទេសទាំងអស់ឈប់នាំចូលប្រេងរបស់អ៊ីរ៉ង់
គិតមកទល់សប្តាហ៍នេះ តម្លៃប្រេងបានឡើងថ្លៃខ្ពស់ក្នុងរយៈពេល៦ខែ បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសថា ខ្លួននឹងលែងឲ្យប្រទេសនានារួចខ្លួនពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក ប្រសិនបើប្រទេសទាំងនោះបន្តទិញប្រេងឆៅរបស់អ៊ីរ៉ង់ ដែលនេះជាចំណាត់ការមួយមានគោលបំណងដាក់ទណ្ឌកម្មប្រេងទាំងស្រុងលើទីក្រុងតេហេរ៉ង់។
ការលើកលែងការអនុញ្ញាតចំពោះប្រទេស៨រួមមាន ប្រទេសនាំប្រេងអ៊ីរ៉ង់ចូលសំខាន់ៗមាន ចិន ឥណ្ឌា ជប៉ុន តួកគី និងកូរ៉េខាងត្បូង មានកំណត់ពេលផុតកំណត់នៅថ្ងៃទី០២ ខែឧសភាខាងមុខ។ បើតាមធនាគារ RBC Capital Markets ដែលជាធនាគារវិនិយោគទុនសាកលលោកបានប្រាប់អតិថិជនថា ខ្លួនរំពឹងនឹងបាត់បង់ប្រេងពី៧សែនទៅ៨សែនធុងក្នុងមួយថ្ងៃពីទីផ្សារ ជាផលវិបាកនៃការហាមឃាត់នេះ។ ប្រការនេះនឹងរឹតបន្តឹងការផ្គត់ផ្គង់នៅពេលដែលរដូវត្រូវការប្រេងចាប់ផ្តើមនៅក្នុងតំបន់អឌ្ឍគោលខាងជើង ដែលបានបង្ខំឲ្យប្រទេសនាំប្រេងចូល ស្វះស្វែងរកការផ្គត់ផ្គង់កន្លែងផ្សេងទៀត ការស្វែងរកបានធ្វើឲ្យមានការលំបាកកាន់តែខ្លាំងឡើង ដោយផលិតផលប្រេងធ្លាក់ចុះក្នុងប្រទេសវ៉េណេស៊ុយអេឡា និងលីប៊ី ពីព្រោះតែភាពចលាចល និងជម្លោះក្នុងប្រទេស។
ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក បានបន្តធ្វើឡើងលើប្រទេសអ៊ីរ៉ង់កាលពីឆ្នាំទៅ នៅពេលដែលលោក ដូណាល់ ត្រាំ ដកសហរដ្ឋអាម៉េរិកចេញពីកិច្ចព្រមព្រៀងនុយក្លែអ៊ែរឆ្នាំ២០១៥ ដែលបានចុះហត្ថលេខាដោយអតីតប្រធានាធិបតីអាម៉េរិកលោក បារ៉ាក់ អូបាម៉ា ដែលក្នុងនោះរដ្ឋាភិបាលក្រុងតេរ៉ង់ បានយល់ព្រមបញ្ឈប់ការផលិតអាវុធនុយក្លែអ៊ែរ ដើម្បីដោះដូរការបន្ធូរបន្ថយការដាក់ទណ្ឌកម្ម៕ធ.ដ