ប៉ាគីស្ថានទទួលជោគជ័យ ក្នុងការធ្វើតេស្តមីស៊ីលប្រឆាំងនាវាផលិតក្នុងស្រុក ដោយជោគជ័យនៅសមុទ្រអារ៉ាប់ខាងជើង

ប៉ាគីស្ថាន៖ កងទ័ពជើងទឹកប៉ាគីស្ថានទទួលជោគជ័យ ក្នុងការបាញ់សាកល្បងមីស៊ីលប្រឆាំងនាវាចម្បាំងដែលផលិតនៅក្នុងស្រុក ចេញពីយន្តហោះចម្បាំងដ៏លឿនមួយនៅសមុទ្រអារ៉ាប់ខាងជើង នៅថ្ងៃអង្គារ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដែលការធ្វើតេស្តនេះ ត្រូវបានលាតត្រដាងដោយទីភ្នាក់ងារទំនាក់ទំនងអន្តរសេវាកម្មសាធារណៈ (ISPR) ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់កងកម្លាំងប្រដាប់អាវុធប៉ាគីស្ថាន នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ។

ប្រភពបន្តថា មីស៊ីលនេះបានបាញ់ចំគោលដៅនៅលើដីគោក ដោយសរបញ្ជាក់ឱ្យឃើញនូវសមត្ថភាពនៃប្រព័ន្ធមីស៊ីលដ៏ពិសេស ខណៈការបាញ់គ្រាប់ពិតដោយជោគជ័យនេះជាថ្មីម្តងទៀត បានបង្ហាញពីអំណាចសព្វាវុធគួរឱ្យជឿជាក់បានរបស់កងទ័ពជើងទឹកប៉ាគីស្ថាន និងកម្រិតភាពច្បាស់នៃអាវុធបច្ចេកវិជ្ជាខ្ពស់ ដែលសម្រេចបានដោយឧស្សាហកម្មការពារជាតិរបស់ប៉ាគីស្ថាន។

យ៉ាងណាមិញ កងទ័ពជើងទឹកប៉ាគីស្ថានមិនបានបញ្ជាក់ពីប្រភេទយន្តហោះចម្បាំងដ៏លឿន ដែលប្រើសម្រាប់ការបាញ់មីស៊ីលប្រឆាំងនាវាចម្បាំងនោះទេ ដោយគេគ្រាន់តែដឹងថា ប៉ាគីស្ថានបាននឹងកំពុងអភិវឌ្ឍមីស៊ីលប្រឆាំងនាវាចម្បាំងសម្រាប់បំពាក់លើជើងទម្រ Babur 1B ដែលបានបាញ់សាកល្បងលើកចុងក្រោយបំផុតនៅខែមេសា ឆ្នាំ២០១៨៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner