ឆេះវាលស្មៅក្រោយផ្សារឯករាជ្យម្ដុំអតីតលូប្រាំ បង្កការភ្ញាក់ផ្អើលនៅខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖ អគ្គិភ័យឆាបឆេះវាលស្មៅខាងក្រោយផ្សារឯករាជ្យ ធ្វើឲ្យភ្លើងឆេះផ្សែងហុយខ្មួលខ្មាញ់ បង្កឲ្យភ្ញាក់ផ្អើល ទាំងប្រជាពលរដ្ឋសមត្ថកិច្ច នឹកស្មានថា ឆេះរោងចក្រ តាមពិតឆេះវាលស្មៅ ខាងក្រោយជាប់រោងចក្រ ត្រូវបានកម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ ជៀសវាងរាលដាល ដល់រោងចក្រ និងផ្ទះបងប្អួនប្រជាពលរដ្ឋនៅជិត កាលពីម៉ោង៧និង២០នាទីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅខាងក្រោយផ្សារឯករាជ្យ ស្ថិតនៅភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមសម្តីអ្នកនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ពេលដែលកម្មករកម្មការិនីកំពុងរៀបចំហូបបាយស្រាប់តែ មានភ្លើងឆាបឆេះវាលស្មៅ នៅដីទំនេរជាប់នឹងរោងចក្រ បង្កឲ្យផ្អើលកម្មករនាំគ្នាបាញ់ទឹកជះពន្លត់ តែមិនអាចទប់ទល់បាន ភ្លើងកាន់តែឆេះខ្លាំងផងនោះ ខ្លាចរាលដាលដល់រោងចក្រ និងផ្ទះដែលនៅក្បែរនោះ ទើបសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងទៅជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ឲ្យភ្លើងរលត់ទៅវិញនៅម៉ោង៨និង១១នាទី។ ក្នុងហេតុការណ៍នេះ ពុំបង្កឲ្យអ្នកណារងរបួស ឬខូចខាតប៉ះពាល់ទ្រព្យសម្បត្តិអ្វីឡើយ៕ម.ន