ការចុះត្រួតពិនិត្យ តាមដាន និងការអប់រំ គឺជាមូលដ្ឋាននាំមកនូវជោគជ័យ ដែលសាខាកាំកុងត្រូលខេត្តសៀមរាប កំពុងអនុវត្តដើម្បីសុវត្ថិភាពម្ហូបអាហារ កាន់តែល្អប្រសើរឡើងនាពេលបច្ចុប្បន្ននេះ

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប ៖ ការចុះត្រួតពិនិត្យ តាមដាន និងការអប់រំ គឺជាមូលដ្ឋាននាំមកនូវជោគជ័យ ដែលសាខាកាំកុងត្រូលខេត្តសៀមរាប កំពុងអនុវត្តដើម្បីសុវត្ថិភាពម្ហូបអាហារ កាន់តែល្អប្រសើរឡើង នាពេលបច្ចុប្បន្ននេះ។ លោក ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប បានវាយតម្លៃថា មកដល់សព្វថ្ងៃ ប្រជាពលពលរដ្ឋមានការយល់ដឹងច្រើនជាមួយនឹងការប្រុងប្រយត្ន័ខ្ពស់ ចំពោះការថែរក្សាសុខភាពតាមរយៈនៃការជ្រើសរើសទិញម្ហូបអាហារប្រចាំថ្ងៃរបស់ពួកគាត់នោះ ។ 

លោក ក៏បានលើកឡើងផងដែរថា ចំពោះអាជីវករវិញ ក៏មានស្មារតីភ្ញាក់រលឹកយ៉ាងខ្ពស់ បើប្រៀបធៀបទៅនឹងរយៈពេលប៉ុន្មានឆ្នាំមុននោះ ដែលក្នុងប្រតិបត្តិការចុះត្រួតពិនិត្យសុវត្ថិភាពចំណីម្ហូបអាហារម្តងៗ តែងតែរកឃើញសារធាតុគីមីហាមឃាត់នៅក្នុងប្រភេទចំណីអាហារមួយចំនួន និង ប្រភេទអាហារវេចខ្ចប់រួច គ្រឿងកំប៉ុងនិងភេសជ្ជៈ ក៏មានការដាក់បន្លំលក់នូវប្រភេទទំនិញហួសកាលបរិច្ឆេតប្រើប្រាស់ផងដែរ ។

លោកប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប បានអះអាងយ៉ាងដូច្នេះថា នៅក្នុងខណៈពេលដែលលោកកំពុងដឹកនាំក្រុមការងារចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅក្នុងផ្សារក្រោម សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ ដែលក្នុងប្រតិបត្តិការនោះ ភ្នាក់ងារសាខាកាំកុងត្រូលពុំបានរកឃើញសារធាតុគីមីហាមឃាត់នោះទេ នៅក្នុងប្រភេទទំនិញម្ហូបអាហារស្រស់មួយចំនួន ដែលគេសង្ស័យថាមានហានីភ័យខ្ពស់ ចំពោះវត្តមានសាធាតុគីមីទាំងនោះ ដូចជា សណ្តែកបណ្តុះ  ស្ពៃជ្រក់ សសៃគុយទាវ ជ្រក់ទំពាំង ផ្អក់ត្រី  នំបញ្ចុក តៅហ៊ូ  និង អាហារស្រស់គ្រឿងសមុទ្រ ជាដើម ។ លោកបានបង្ហាញនៅការចែករំលែកបទពិសោធន៍ថា ការចុះត្រួតពិនិត្យ តាមដាន និង ការអប់រំ គឺជាមូលដ្ឋាននាំមកនូវជោគជ័យ ដែលសាខាកាំកុងត្រូលខេត្តសៀមរាប កំពុងអនុវត្តដើម្បីសុវត្ថិភាពម្ហូបអាហារ កាន់តែល្អប្រសើរឡើងនាថ្ងៃអនាគត ។

លោកបញ្ចាក់បន្ថែមថា អ្វីដែលទទួលបានលទ្ធផលជាវិជ្ជមានមកដល់ពេលនេះ សំខាន់ណាស់ គឺការអប់រំនិងលើកទឹកចិត្តដល់អ្នកលក់ដូរនិងអាជីវករ ឲ្យយល់ព្រមចូលរួម ក្នុងស្មារតីទទួលខុសត្រូវចំពោះសុខភាពអតិថិជន ហើយអ្វីដែលជារនាំងហាមឃាត់មិនឲ្យលេចចេញបាតុភាពអវិជ្ជមានបាន គឺអនុវត្តតាមលក្ខខណ្ឌតម្រូវជាធរមាន ដែលផ្សព្វផ្សាយដោយអគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញ នីហរ័ណ អាហរ័ណ និង បង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម ដែលហៅកាត់ថា កាំកុងត្រូលនេះឯង ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner