អាកាសធាតុក្តៅហួតហែងអាចបន្តអូសបន្លាយរហូតដល់ពាក់កណ្តាលខែឧសភាខាងមុខ
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា អាកាសធាតុក្តៅហួត ហែងដែលបានចាប់ផ្តើមចាប់តាំងពីចុងខែមីនាមកនោះ វាអាចនឹងអូសបន្លាយរហូតដល់ពាក់ កណ្តាលខែឧសភាខាងមុខនេះ ដោយកម្រិតកម្តៅអាចនឹងឡើងដល់ ៤០ទៅ ៤២ អង្សាសេ ហើយចំពោះភ្លៀងធ្លាក់កក់ខែវិញមានតិចតួច និងក្នុងពេលភ្លៀងនេះក៏នឹងមានផ្គរ រន្ទះ និងខ្យល់កន្ត្រាក់លាយឡំជាមួយផងដែរ ។
តាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដដែលបានឱ្យដឹងដែរថា រដូវ វស្សាឆ្នាំនេះក៏នឹងមកដល់នៅពាក់កណ្តាលខែឧសភា គឺយឺតជាងឆ្នាំមុន ហើយចំពោះរបាយទឹកភ្លៀង រាយប៉ាយមិនបានល្អទេ ពោលគឺរង់ចាំរហូតដល់ពាក់កណ្តាលរដូវវស្សា ទើបស្ថានភាពទឹកភ្លៀងមានអំណោយផលល្អឡើងវិញ។
ក្នុងរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយក៏បានលើក ឡើងពីស្ថានភាពរាំងស្ងួតដែលបានកើតមានចាប់ពីចុងរដូវវស្សា ឆ្នាំ២០១៨មក បានធ្វើឱ្យ អាកាសធាតុកាន់តែក្តៅ និងធ្វើឱ្យប្រភពទឹកផ្សេងៗដូចជា ស្ទឹង ព្រែក អូរ បឹងបួរ បានរីងស្ងួត ជាបន្តបន្ទាប់ ហើយការខ្វះខាតទឹកកាន់តែមានច្រើនឡើង ដែលតម្រូវឱ្យមានការអន្តរាគមន៍ សង្គ្រោះបន្ទាន់ ដើម្បីបំពេញសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ហើយចំពោះបញ្ហាសុខ ភាពរបស់ប្រជាពលរដ្ឋវិញ ក្នុងអំឡុងពេលដែលអាកាសធាតុក្តៅខ្លាំងជម្ងឺផ្សេងៗក៏ងាយនឹង ជ្រៀតចូលធ្វើឱ្យមានការប៉ះពាល់ដល់សុខភាពមនុស្សស្ទើរគ្រប់រូប ដែលមានការធ្វេសប្រហែសហើយមនុស្សចាស់ និងកូនក្មេងងាយប្រឈមនឹងបញ្ហាទាំងនេះ ដោយសារការខ្សោះ ជាតិទឺក ជម្ងឺបេះដូង សួត រាករូស និងការប៉ះពាល់សសៃរឈាមខួរក្បាលជាដើម។
ទាក់ទង នឹងបញ្ហានេះក្រសួងសុខាភិបាល បានជូនដំណឹងដល់ប្រជាពលរដ្ឋ អំពីការបង្ការជម្ងឺផ្សេងៗ ដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំង ដោយបានណែនាំអំពីការការពារ និងជួយសង្គ្រោះ បឋមពេលមានហេតុការណ៍កើតឡើង៕ ធ.ដ