ឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីន ផុតអាណត្តិថា ហ្វីលីពីន គ្រោងពង្រីកការហោះហើរត្រង់ ទៅកាន់ទីក្រុងសៀមរាប ក្រោយបើកការហោះហើរត្រង់មកភ្នំពេញ

ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯ,ឧ កៅ គឹមហួន បានប្រាប់អ្នកសារព័ត៌មាននៅក្រោយបញ្ចប់ជំនួប រវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីន ផុតអាណត្តិ លោក គ្រីស្តូពឺ បាល់តាហ្សា ម៉ុនធើរ៉ូ (Christopher Baltazar MONTERO) នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ថា បន្ទាប់ពីបានបើកការហោះហើរត្រង់ពីទីក្រុងម៉ានីល មកកាន់រាជធានីភ្នំពេញ នាដើមខែមេសា ឆ្នាំ២០១៩នេះ ហ្វីលីពីន ក៏គ្រោងនឹងពង្រីកការហោះហើរត្រង់របស់ខ្លួន ទៅកាន់ទីក្រុងសៀមរាបអង្គរ ប្រទេសកម្ពុជា បន្តទៀត។
បើតាមប្រសាសន៍ ឯ,ឧ កៅ គឹមហួន, នៅក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន នៅកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ មានការរីកដុះដាលយ៉ាងច្រើននូវវិស័យសំណង់។ ព្រមជាមួយនោះ លោកក៏បានលើកឡើងផងដែរពីបញ្ហាចរាចរ គឺមានការរីកចម្រើន ដែលមានការកកស្ទះយ៉ាងច្រើន នៅរាជធានីភ្នំពេញ។ ដោយឡែកចំពោះផ្នត់គំនិតរបស់ប្រជាជនកម្ពុជា លោកបានវាយតម្លៃថា បច្ចុប្បន្នប្រជាជនកម្ពុជា គឺមានការរីកចម្រើនច្រើន។
ពាក់ព័ន្ធទៅនឹងការបោះឆ្នោតរបស់កម្ពុជា កាលពីឆ្នាំ២០១៨ កន្លងទៅនេះ ហ្វីលីពីនជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលបានទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតរបស់កម្ពុជា មុនដំបូងគេបង្អស់។ លោក បានគូសបញ្ជាក់ផងដែរថា នៅក្នុងអាណត្ដិ រយៈពេល៤ឆ្នាំរបស់លោក គឺសម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរទស្សនកិច្ចពីរដង ទៅកាន់ប្រទេសហ្វីលីពីន ហើយលោកប្រធានាធិបតីហ្វីលីពីន ក៏បានបំពេញដំណើរទស្សនកិច្ច មកកាន់កម្ពុជាចំនួន២ដងផងដែរ។
លោកអគ្គរដ្ឋទូត បានអះអាងថា លោកបានជំរុញឲ្យវិនិយោគិនហ្វីលីពីនមកបណ្ដាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជា ហើយនៅក្នុងអាណត្តិរយៈពេល៤ឆ្នាំនេះ លោកពិតជារីករាយ នៅក្នុងការរីកចម្រើន របស់ប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ ចំពោះការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូត។ សម្តេចបានលើកឡើងថា នៅក្នុងអាណត្តិរបស់លោកអគ្គរដ្ឋទូត គឺទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការរីកចំរើនយ៉ាងច្រើន។
សម្ដេចបានបញ្ជាក់ថា ក្នុងចំណោមការរីកចម្រើននៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរនោះ គឺចំណុចដែលសម្ដេចសប្បាយរីករាយជាងគេ គឺការបើកជើងហោះហើរផ្ទាល់ពីហ្វីលីពីនមកកាន់កម្ពុជា ដែលនេះធ្វើឲ្យប្រជាពលរដ្ឋ រវាងប្រទេសទាំងពីរមានការតភ្ជាប់គ្នា។ សម្ដេចបញ្ជាក់ថា នេះគឺជាជោគជ័យមួយ រវាងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ។ សម្ដេចបានមានប្រសាសន៍ថា យើងគួរតែបន្តជំរុញទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរថែមទៀត។
ឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ រដ្ឋាភិបាលហ្វីលីពីន កំពុងដូរច្បាប់នៃការនាំចូលអង្ករទៅកាន់ប្រទេសហ្វីលីពីន ដែលពីដើមឡើយ ត្រូវធ្វើការដេញថ្លៃ ប៉ុន្តែច្បាប់ថ្មីនេះនឹងអនុញ្ញាតឲ្យក្រុមហ៊ុនឯកជននាំ ចូល។
សម្តេចតេជោ បានបង្ហាញការពេញចិត្ត ចំពោះចំណុចនេះ សម្ដេចចង់ឃើញអង្ករកម្ពុជាចូលទៅកាន់ទីផ្សារ របស់ហ្វីលីពីន ដែលនេះជាចឱកាសតភ្ជាប់ថ្មី ដែលអាចឲ្យកម្ពុជា នាំអង្ករចូលទៅកាន់ពីលីពីន៕

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner