ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តបានរកឃើញ៣ក្រុមឡើងទៅវគ្គ ៨ក្រុមចុងក្រោយ
ក្រុមបាល់ទាត់ខេត្តសៀមរាប ព្រៃវែង និងខេត្តកែប បានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយ (១/៤) នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត មុនគេបន្ទាប់ពីយកឈ្នះគូប្រជែងរៀងខ្លួន នៅវគ្គ ១៦ក្រុមចុងក្រោយ នៅលើទីលានចំនួន៣ផ្សេងៗគ្នា កាលពីម្សិលមិញ ។
សម្រាប់ខេត្តព្រៃវែង ២-០ ខេត្តបាត់ដំបង នៅកីឡដ្ឋានខេត្តព្រៃវែង កាលពីម្សិលមិញ ។
ដោយ ក្រុមម្ចាស់ផ្ទះព្រៃវែង នាំមុខក្រុមភ្ញៀវ ១គ្រាប់ ក្នុងតង់ទី១ និង១គ្រាប់ទៀតនៅតង់ទី២ ។ ចំណែកឯ ខេត្តសៀមរាប និងខេត្តកែប សុទ្ធតែបានទម្លាក់គូប្រកួត ដោយបាល់ប៉េណាល់ ទីកាត់សេចក្ដី បន្ទាប់ពីបញ្ចប់ការប្រកួតពេញម៉ោងស្មើគ្នា ១-១ ដូចគ្នា ពោលគឺខេត្តសៀមរាប ឈ្នះខេត្ត កំពង់ស្ពឺ ៤-៣ នៅកីឡដ្ឋានខេត្តសៀមរាប ខណៈខេត្តកែប ឈ្នះខេត្តបន្ទាយមានជ័យ ៤-៣ នៅកីឡដ្ឋានខេត្តកែប ដែលនាំឲ្យខេត្តសៀមរាប និងកែប បានឡើងវគ្គ ១/៤ផ្ដាច់ព្រ័ត្រ ។
ចំណែក ៥ក្រុមផ្សេងទៀត ដែលត្រូវឡើងវគ្គបន្ដជាមួយក្រុមខ្លាំងទាំង៣ខាងលើ គឺត្រូវការប្រកួត នៅថ្ងៃទី២៤-២៥ ខែមេសា ដោយខេត្តកំពត ប៉ះ ខេត្តមណ្ឌលគិរី, ខេត្តកំពង់ធំ ប៉ះ ខេត្តព្រះវិហារ និងខេត្តត្បូងឃ្មុំ ប៉ះ ខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃពុធនេះ ខណៈនៅរសៀលថ្ងៃព្រហស្បត្ដិ៍ស្អែករួមមានខេត្តកោះកុង ប៉ះ ខេត្តស្វាយរៀង និងខេត្តរតនៈគិរី ប៉ះ ខេត្តតាកែវ ៕ធ.ដ